ព័ត៌មានជាតិ

ចិន នឹងមិនភ្លេចការទម្លាក់គ្រាប់បែក របស់ណាតូលើស្ថានទូតចិនឡើយ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឲ្យដឹងថា ប្រជាជនចិន នឹងមិនភ្លេចនូវអំពើឃោរឃៅ ដ៏ព្រៃផ្សៃរបស់អង្គការណាតូ ដែលបានទម្លាក់គ្រាប់បែកលើស្ថានទូតចិន នៅទីក្រុងបែលក្រាដក្នុងឆ្នាំ១៩៩៩ ហើយនឹងមិនអនុញ្ញាតឱ្យមាន សោកនាដកម្មជាប្រវត្តិសាស្ត្រ កើតឡើងម្តងទៀតឡើយ។

លោក Zhao បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរ ពាក់ព័ន្ធដោយនិយាយថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ អង្គការណាតូដឹកនាំដោយសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើស្ថានទូតចិន នៅទីក្រុង Belgrade ដោយបានសម្លាប់អ្នកកាសែតចិន ៣នាក់ និងរបួសអ្នកការទូតចិនជាង ២០នាក់ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “អង្គការណាតូអះអាងថា ជាអង្គការការពារ ប៉ុន្តែតាមពិត ខ្លួនបានបំពានច្បាប់អន្តរជាតិ ម្តងហើយម្តងទៀត ហើយគ្រាន់តែចង់ធ្វើសង្គ្រាម ប្រឆាំងនឹងប្រទេសអធិបតេយ្យ ធ្វើឱ្យខូចសន្តិភាពពិភពលោក និងក្នុងតំបន់ ព្រមទាំងសម្លាប់ និងផ្លាស់ទីលំនៅ ជនស៊ីវិលស្លូតត្រង់មួយចំនួនធំ”។

លោកបានបន្ដថា NATO បន្តស្វែងរក “សន្តិសុខដាច់ខាត” ហើយបានចូលរួមក្នុងរលកប្រាំជាប់គ្នា នៃការពង្រីកឆ្ពោះទៅទិសខាងកើត បន្ទាប់ពីសង្រ្គាមត្រជាក់ ដែលមិនបានធ្វើឱ្យអឺរ៉ុបមានសុវត្ថិភាពទេ ប៉ុន្តែគាត់បានសាបព្រួសគ្រាប់ពូជ នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបន្តសង្រ្គាមនៅទ្វីបអឺរ៉ុប។

លោក Zhao បានបន្ថែមថា សង្រ្គាមត្រជាក់បានអូសបន្លាយយូរហើយ ហើយសេចក្តីប្រាថ្នារួមរបស់ ប្រជាជនមកពីជុំវិញពិភពលោក គឺការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

អង្គការណាតូដែលដឹកនាំ ដោយសហរដ្ឋអាមេរិកគួរតែ ធ្វើការកែតម្រូវជាចាំបាច់ បោះបង់ចោលចិត្តគំនិតនៃសង្គ្រាមត្រជាក់ និងបញ្ឈប់ការបង្កជម្លោះក្នុងប្លុក និងបង្កើតភាពតានតឹងនៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top