ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រកាសសុពលភាព លោក ស្លេះ ពុនយ៉ាម៉ីន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ជំនួសសម្តេច ហ៊ុន ណេង ដែលបានទទួលមរណភាព។

ក្នុងសម័យប្រជុំនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក៏មានវត្តមានសមាជិក សមាជិកា រដ្ឋសភា ចំនួន១០៦រូប ចូលរួមផងដែរ ។ ក្រៅពីការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសសម្តេច ហ៊ុន ណេងរួចមក រដ្ឋសភា ក៏ប្រកាសទទួលស្គាល់ លោកកែប ជុតិមា ជាប្រធានគណៈកម្មការទី៤រដ្ឋសភា និងទទួលស្គាល់លោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ។

អង្គសភាក៏ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ ៕


