ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ គ្មានសន្តិភាព គឺមិនអាចរករបរចិញ្ចឹមជីវិតបានទេ ដូច្នេះពលរដ្ឋនិងសមាជិកត្រូវទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ប្រទេសកម្ពុជាបើគ្មានសន្តិភាព គឺគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបានទេ ដូច្នេះ ប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន មានតែមធ្យោបាយមួយគត់ គឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោក ឃួង ស្រេង នេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការ គណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិក បក្សរបស់ខ្លួនជាង៧០ភាគរយ នេះពិតជាបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់ សម្រួចឲ្យមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក នៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានជាង៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែមានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ ។

លោកថា “តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបានទេ។ ដូច្នេះលោកសូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបានដែលសម្តេចតេជោហ៊ុន សែនរកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិត ថែមទៀត ហើយ ដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា”។

ក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា សមាជិករបស់គណៈកម្មាធិការ រាជធានីភ្នំពេញ មានចំនួន៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោត រួចរាល់ហើយ ។

លោកបន្តថា មានការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយពលរដ្ឋភ្លាមៗ។ ដូច្នេះ សូម នាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕

To Top