ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តអូទ្រីស សិក្សាពង្រីកទីផ្សារ នាំយកផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រ មកកម្ពុជា

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកទឹកចិត្តឲ្យគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារ នាំយកនូវផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីស មកកាន់កម្ពុជា ។

ក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយលោក Michael Schmeiser លេខាទូតទី១ នៃស្ថានទូតអូទ្រីស ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ យើងបានខិតខំលើការងារ ជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការ ចូលរួមចំណែក សម្រេចបាននូវ ការគ្របដណ្តប់សេវាសុខភាពជាសាកល ហើយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ លើការងារជាច្រើនសំដៅគ្របដណ្តប់ សេវាសុខភាពជាសាកលនេះឯង ។
លោកស្រីថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម និងធុរកិច្ច នៅតែមានដំណើរការ និងសហការជាប្រចាំ។

ក្នុងជំនួបនោះគណៈប្រតិភូធុរកិច្ចអូទ្រីស ដែលដឹកនាំដោយលោក Michael Schmeiser បានថ្លែងអបអរសាទរដោយក្តី កោតសរសើរ ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។ គណ:ប្រតិភូ បានជម្រាបជូនអង្គប្រជុំពីគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការ ដោយប្រើកម្ចីអភិវឌ្ឍន៍ (Soft Loan) ក្នុងផ្នែកសុខាភិបាល។

លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាប ជូនដល់គណៈប្រតិភូធុរៈកិច្ចអូទ្រីសបន្ថែមថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រ ដល់ក្រុមហ៊ុនឯកជន ស្របច្បាប់ទាំងអស់ ដែលមានបំណង វិនិយោគលើ វិស័យសុខាភិបាល នៅកម្ពុជា ។ បច្ចុប្បន្ននេះមាន ផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រ ពីប្រទេសអូទ្រីស ក្នុងកម្រិតនៅតិចតួចនៅឡើយ ដែលបានចុះបញ្ជិកានៅកម្ពុជា។

ជាមួយគ្នានោះលោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តគណៈប្រតិភូធុរកិច្ចអូទ្រីស សិក្សាលទ្ធភាពពង្រីកទីផ្សារនាំយកនូវ ផលិតផលសុខភាព និងបរិក្ខារវេជ្ជសាស្ត្រអូទ្រីសមកកម្ពុជា ។ លោកស្រីក៏បានលើកទឹកចិត្ត និងស្នើសុំភាគីអូទ្រីសជួយលើគម្រោងផ្តល់សេវាកម្មវេជ្ជសាស្ត្រ ការផ្តល់សេវាថែទាំព្យាបាលជំងឺមិនឆ្លង ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ Digital Health ដែលជាផ្នែកមួយនៃគម្រោងជំរុញការថែទាំសុខភាពបថម (PHC Booster) ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។

លោកស្រីបញ្ជាក់ថា ក្រសួងសុខាភិបាល តែងតែ ស្វាគមន៍នូវជំនួយអភិវឌ្ឍន៍ (Grant Project) ដែលផ្តល់ផលប្រយោជន៍ដល់ការ លើកកម្ពស់សុខភាពប្រជាជន ។ ចំពោះកម្ចី (Soft Loan) នេះ លោកស្រីក៏បានស្នើគណៈប្រតិភូពិភាក្សាបន្ថែ មជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

To Top