ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ 

នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមករា ឆ្នាំ២០១៩ រហូតដល់ពេលនេះសម្រេចបានប្រមាណ ៩៧%  ដែលនឹងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនាពេលដ៏ខ្លីខាងមុខ ។

អត្ថប្រយោជន៍សំខាន់ធំៗចំនួន ០៣ នៃគម្រោងនេះ រួមមាន  ៖

១-ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ក្នុងការបិទទ្វារទឹកសំណង់មេស្ទាក់ទឹកស្ទឹង មានទទឹង ៧៥ម៉ែត្រដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា

ផ្ទាំងពាណិជ្ជកម្ម

២-ជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបងផ្ទាល់

៣-ជាសោភ័ណភាព និងទាក់ទាញសក្តានុពលទេសចរណ៌ដល់ខេត្តបាត់ដំបង ។

លោករដ្ឋមន្ត្រីបានរំលឹកអនុវស្សាវរីយ៍ដោយមានប្រសាសន៍ថា ៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​ខ្ញុំ​អស់រយ:ពេលជាង ៤០ឆ្នាំមកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​នៅក្នុងសម័យតេជោសែនសន្តិភាព ។ 

គម្រោងនេះ ពិតជាមានសារ:សំខាន់ និងអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការបម្រើដល់ជីវភាពប្រជាពលរដ្ឋ និងសោភ័ណភាពក្រុងបាត់ដំបង ។

លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ក្រុមការងារសាងសង់ដែលបានខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ផ្តត់ផ្គង់ទឹកប្រើប្រាស់ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕

To Top