ភ្នំពេញ៖ នៅក្នុងសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងវេទិកាលើកទី២ នៃគណបក្សនយោបាយក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS) បានបង្ហាញការយល់ឃើញថា គ្រប់បណ្តាប្រទេស មិនអាចបោះបង់ ឬងាកចេញ ពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើមានបំណង ដោះស្រាយបញ្ហាប្រឈមរួម នាពេលបច្ចុប្បន្ន ។
ការយល់ឃើញ របស់សម្តេចតេជោខាងលើនេះ ត្រូវបានដកស្រង់ ពីខ្លឹមសារដ៏មានសារសំខាន់ ក្នុងបទអន្តរាគមន៍ របស់សម្តេចតេជោ នៅក្នុង “វេទិការលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)” ក្រោមមូលបទ “សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង” ដែលបានផ្សព្វផ្សាយ ជាសាធារណៈ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
សម្តេចបញ្ជាក់ថា “ខ្ញុំយល់ថា នៅក្នុងបរិបទ ដែលពិភពលោកទាំងមូល កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស មិនច្បាស់លាស់ និងស្មុគស្មាញនេះ យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការ ពហុភាគីនិយបានទេ ប្រសិនបើយើងពិតជាមានបំណង ដោះស្រាយបញ្ហាប្រឈមរួម នាពេលបច្ចប្បន្ន”។
ក្នុងសន្ទរកថាដដែលនេះ សម្តេចតេជោបន្តថា “ក្នុងន័យនេះ អាស៊ាន និងប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា” ។
ក្នុងនោះសម្តេចបានបន្តថា “យើងក៏ត្រូវបន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង ចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឲ្យមានការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា ។ លើសពីនេះទៅទៀត យើងមិនគួររារាំង បណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍ និងគោលបំណងស្នូល ដែលមានចែងក្នុងធម្មញ្ញអង្គការសហប្រជាជាតិ” ។
ជុំវិញនឹងការស្តារឡើងវិញ ក្រោយវិបត្តកូវីដ១៩ និងដើម្បីធានាថា គ្រប់បណ្តាប្រទេស កំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិនោះ សម្តេចក៏បានប្រកាស នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល របស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែង ដើម្បីជួយបណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេសបណ្តាប្រទេសទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនេះ ។
គួរឲ្យដឹងថា បញ្ហាប្រឈមរួម របស់សកលលោកបច្ចុប្បន្ន មានដូចជាផលប៉ះពាល់ នៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យសេដ្ឋកិច្ចសកល មានការធ្លាក់ចុះ និងថ្មីៗនេះ ផលប៉ះពាល់បណ្តាមកពី ការផ្ទុះអាវុធដាក់គ្នា រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក៏បានរុញច្រានឲ្យជួប នូវវិបត្តិសេដ្ឋកិច្ចសកលផងដែរ ដែលបណ្តាប្រទេសមហាអំណាចធំៗ បាននឹងកំពុងតានដាន និងចូលរួមដោះស្រាយ ។
សូមបញ្ជាក់ថា ប្រ៊ីក (BRICS) ត្រូវបានប្រមូលផ្តុំ ដោយមានសមាជិក ៥ប្រទេស ក្នុងនោះ មានប្រទេសប្រេស៊ីល, ប្រទេសរុស្ស៊ី, ប្រទេសឥណ្ឌា, ប្រទេសចិន និងប្រទេសអាព្រិចខាងត្បូង៕