ស្វាយរៀង ៖ រថយន្តយីឌុបធុនយក្ស ចំនួន០៥គ្រឿង ឃ្លុំជិតសង្ស័យជាទំនិញគេចពន្ធ ខុសច្បាប់ មកសង្ងំលាក់ខ្លួន នៅជិតមាត់ច្រករបៀង ក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ត្រៀមលួចឆ្លងដែនទៅប្រទេសយួន នៅពេលយប់ ដោយសមត្ថកិច្ចមានការ ត្រូវរ៉ូវគ្នាជាមួយឈ្មួញ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_14-45-01-1-1024x768.jpg)
ករណីនេះបានកើតឡើង នៅវេលាម៉ោង០៣និង០០នាទីទៀបភ្លឺថ្ងៃទី២៤ឧសភា ឆ្នាំ២០២២ នៅចំណុចច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_14-45-08-1-1024x576.jpg)
បើតាម មន្ត្រីនគបាលឃុំគ្រួសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិត និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែន ប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់ថ្ងៃសង្ស័យ ជាទំនិញគេចពន្ធខុសច្បាប់។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_14-45-15-1-1024x576.jpg)
ប្រភពបន្តទៀតថា ប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានឈ្មួញមករកស៊ីនាំទំនិញ ចេញចូលទៅប្រទេសវៀតណាមច្រើន ពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាម ចូលតាមច្រករបៀងក្រសាំងជ្រំ មានផ្លែស្រការ នាគ ធូរេន និងខ្នុរ ដឹកតាមរថយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ ។ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធ ទៅប្រទេសវៀតណាមវិញ គឺមាន ស្ករស បារី អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតឃ្លុំជិត មិនអាចរកការបំភ្លឺ ពីសមត្ថកិច្ចបានទេ នៅព្រឹកថ្ងៃទី២៤ឧសភា២០២២នេះ ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_14-45-19-1-1024x768.jpg)
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករ ស និងបារី« ស៊ែត ZE និងបារីHERO» គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជ អាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅ ក្នុងឃ្លាំងស្ថិតនៅភូមិក្រសាំងជ្រំហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។ទាក់ទិនករណីនេះដែរ លោកមេបញ្ជាការកងរាជ្រអាវុធហត្ថរូបនោះបានបំភ្លឺតាមទូរសព្ទ័ថា ទំនិញ ស្ករ ស ប្រពន្ធគាត់បានបង់ពន្ធគយ អស់ហើយ និងបង់ថ្លៃផ្លូវរួចហើយដែរ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_14-45-23-1-1024x576.jpg)
ចំណែកមហាជនបានលើកឡើងថា ចំពោះការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកគឺ ពុំដែលឃើញមានមន្ត្រីជំនាញ ចុះមកពិនិត្យគុណភាពទេ ហានីភ័យខ្លាំងណាស់ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ហើយចំពោះទំនិញគេចពន្ធគឺធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋ សូមលោកអភិបាលខេត្តមេត្តា ជួយអន្តរាគមន៍ផងទាន៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)