ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនលោក អៀ ចាន់ណា តំណាងយុវជនអតីត គណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសន័រវេ ពីបទ «រួមគំនិតក្បត់»

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២ បានចាប់ និង ឃុំ លោក អៀ ចាន់ណា ជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) និង បានបញ្ជូន គាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ននៅ ក្នុង ពន្ធនាគារព្រៃស (ម១) ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសរូមគំនិត ដើម្បីផ្តួលរលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រព្រឹត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ទីកនែ្លងផ្សេងទៀត កាលពីឆ្នាំ ២០២២០។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់លោកចៅក្រមស៊ើបសួរ ស៊ីន សុវណ្ណរ័ត្ន ចុះកាលបរិច្ឆេទ
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ អៀ ចាន់ណា ភេទប្រុស អាយុ ៤១ ឆ្នាំ ត្រូវជាប់ចោទពីបទ: «គំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។ គាត់អាច ប្រឈមនឹងការជាប់ក្នុងពន្ធនាគារ ចន្លោះពី ៥ ទៅ ១០ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាតុលាការ នៅជិតផ្សារអេអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top