ព័ត៌មានជាតិ

បើកការដ្ឋានស្ថាបនាផ្លូវ ចាក់បេតុងមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ នៅសង្កាត់គយត្របែក ក្រុងស្វាយរៀង

ស្វាយរៀង៖ លោក ជុក មុន្នី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់គយត្របែក ទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។

ការថ្លែងបែបនេះរបស់លោកអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ចាក់បេតុងមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២២ ដែលមានការចូលរួមពីលោកនួន លីហួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់គយត្របែក ប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ផងដែរ។

លោកជុក មុន្នីបានថ្លែងអំណរគុណដល់លោក​ ម៉ែន វិបុល ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យ មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបានផ្តួចផ្តើម និងឲ្យលោកប្រធានក្រុមការងារ ចុះជួយសង្កាត់គយត្របែក ធ្វើការស្ថាបនាផ្លូវចាក់ចាក់បេតុង មួយខ្សែប្រវែងជាង៥០០ម៉ែត្រ ហើយត្រូវបានបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ។

លោកបានបន្តថា សមិទ្ធផលផ្លូវមួយខ្សែនេះគឺកើតចេញ ពីការខិតខំប្រឹងប្រែងរបស់ ក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់គយត្របែកនិងថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង ដែលលោកស្រីតែងតែយកចិត្តទុកដាក់ គិតគូរជាមួយសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ។

លោកថាផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដឹកកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ វាថែមទាំងចំណេញទាំងពេលវេលា និងថវិកាថែមទៀតផង ដូច្នេះ សូមមេត្តាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា បានខិតខំស្ថាបនាឡើង ៕

To Top