ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវបំពេញការងារ ឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ ជាមួយការងារ ដើម្បីធ្វើយ៉ាងណា បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ។

នេះជាការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង របស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋាន ឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារ បម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ខណ្ឌ និងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ ជាមួយប្រជាពលរដ្ឋ ។ ការអនុវត្តការងារបែបនេះ នឹងទទួលបានការជឿទុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ ។

ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឱ្យឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញ យ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឲ្យយើងបន្តការងារ បម្រើពួកគាត់ បន្តទៅមុខទៀត។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីធនធានមនុស្ស នៃសាលារាជធានីភ្នំពេញទាំងអស់ ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណា ឱ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អ និងត្រូវតែមានតម្លាភាព។

គួរបញ្ជាក់ថាក្នុងពិធីនេះ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធ ទីចាត់ការគ្រប់គ្រង ធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង តែងតាំងឲ្យកាន់ មុខតំណែងជានាយក ទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។ ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។ ៣ លោក ឡុង តារា អោយកាន់ មុខតំណែង ជាប្រធានការិយាល័យ គ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។ ៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែង ជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។ ៥ កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់ មុខតំណែងជាអនុប្រធានការិយាល័យ កសាងសមត្ថភាពនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។

លោក ហ៊ីម លីម៉េង បានធ្វើការប្តេជ្ញាចិត្តថា នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើ ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី ។ លោកសូមប្តេជ្ញាចិត្តថា នឹង គ្រប់គ្រងធនធានមនុស្ស អោយកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារ អោយកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូល របស់ស្ថាប័ននិងសាមគ្គីភាពផ្ទៃក្នុង អោយបានល្អបំផុត៕




