ព័ត៌មានជាតិ

យុទ្ធនាការ​​​ កំពតស្អាត​ បានត្រលប់មកវិញហើយ​ !!!

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ (JCI Cambodia-Mekong) កាលពីថ្ងៃអាទិត្យ ទី១២ ខែមិថុនាកន្លងទៅនេះ បានរៀបចំយុទ្ធនាការកំពតស្អាត​ ក្រោមប្រធានបទ “ទម្លាប់ថ្មី ទម្លាប់ស្អាត”​។​​​ នេះជាឆ្នាំទី៤ហើយ​បន្ទាប់អាក់ខាន​ដោយសារជំងឺ​ កូវីដ១៩។ កំពតស្អាត២០២២​​ នៅតែឈរលើបេសកកម្ម​និង ចក្ខុវិស័យ​ដដែល​​គឺ លើកទឹកចិត្ត​ដល់មនុស្សយុគសម័យថ្មី​​បន្តប្រតិ្តបត្តិគោលការណ៍សុវត្តិភាព និងអនាម័យ ពិសេស ការទុកដាក់ គ្រប់គ្រងកាកសំណល់ (សំរាម)ឲ្យបានត្រឹមត្រូវ និង ការកាត់បន្ថយសំណល់ផ្លាស្ទិក ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានរស់នៅស្អាត នៅក្នុងក្រុងកំពត។

លោក អ៊ឹង ប៉ូឡា ប្រធានគម្រាងកំពតស្អាតឆ្នាំ២០២២ បានលើកឡើងថា សំរាម គឺកើតចេញពីយើងទាំងអស់គ្នា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមគ្រប់គ្រងសំរាម។ បើយើងគ្រប់គ្រងសំរាមបានល្អ នោះទីសាធារណៈ​នឹងស្អាតដូចក្នុងផ្ទះរបស់យើង​។​ ហើយខេត្តកំពតនេះគឺ​ជា​ទីក្រុង​ស្អាត ដែល​បុគ្គលម្នាក់ៗត្រូវចូលរួម​គិតគូរ​ក្នុង​ការ​គ្រប់គ្រង​កាកសំណល់​បាន​ត្រឹមត្រូវ។ ហើយកិច្ចការនេះត្រូវការការចូលរួមពីយើងទាំងអស់គ្នា!

បន្ថែមពីនេះ លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា បរិស្ថានស្អាត គឺផ្តើមចេញពីបុគ្គលម្នាក់ៗ ហើយលោកសង្ឃឹមថា យុទ្ធនាការកំពតស្អាតនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសាធារណៈជនក្នុ្ងងទុកដាក់សំរាមមានសណ្តាប់ធ្នាប់ល្អ និងបង្កើតទម្លាប់កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន។

ផ្ទាំងពាណិជ្ជកម្ម

គួរជម្រាបជូនថា​​ យុទ្ធនាការកំពតស្អាត​​ឆ្នាំ២០២២​នេះ បានរៀបចំឡើងនៅពហុកីឡាដ្ឋាន ខេត្តកំពត ក្រោមអធិបតីភាព លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពត។​ លោក ឃឹម ប៊ុនឡែន អនុប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។ កញ្ញាលីម ហ៊ូង ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករកអន្តរជាតិកម្ពុជា សាខាមេគង្គ និងដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថាន មន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពត សមាជិកសមាជីកា នៃសភាយុវពាណិជ្ជករកម្ពុជា យុវជនកំពតស្អាត និងលោកគ្រូអ្នកគ្រូប្រមាណ ៣០០នាក់។ ក្នុងយុទ្ធនាការនេះ សភាយុវពាណិជ្ជករកម្ពុជា សាខាមេគង្គ ក៏បានចែកជូននូវថង់បរិស្ថាន និងដបទឹកបរិស្ថាន ដើម្បីបង្កើតទម្លាប់ថ្មី ទម្លាប់ស្អាត ក្នុងការថែរក្សាបរិស្ថាន​ផងដែរ។

យុទ្ធនាការកំពតឆ្នាំ ២០២២ នេះបានទទួលការឧបត្ថម្ភពី ធនាគារ Phillip Bank ក្រុមហ៊ុន Michelin សហគមន៍ចម្ការ  ស្តេចធុរេន ក្រុមហ៊ុនកាហ្វេ 101 សណ្ឋាគារ និងភោជ្ជនីយដ្ឋាន Pippali  ក្រុមហ៊ុន Coca-Cola និង​ អ្នកឧបត្ថម្ភនានាទៀត៕

To Top