នយោបាយ

សម្តេចតេជោ ចោទជាសំណួរថា កម្ពុជាគ្មានសិទ្ធិ ធ្វើទំនើបកម្ម កំពង់ផែកងទ័ពជើងទឹករាម?

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតបជាលើកដំបូង ទៅកាន់ប្រទេសមហាអំណាចមួយ ដែលបានបន្តការចោទប្រកាន់ លើករណីកំពង់ផែរាម នៅខេត្តព្រះសីហនុ បន្ទាប់ពីកម្ពុជា បានបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់ រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃ៨ មិថុនាថា កម្ពុជាគ្មានសិទ្ធិពង្រីកកំពង់ផែរាមទេ?

ការថ្លែងរបស់សម្តេចតេជោនេះ បន្ទាប់ពីសារព័ត៌មាន ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយ ដោយស្រង់ប្រសាសន៍ មន្ត្រីលោកខាងលិច ដោយមិនបញ្ចេញឈ្មោះថា ចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពជើងទឹក ដោយសម្ងាត់ នៅកម្ពុជា សម្រាប់បម្រើឲ្យវិស័យយោធាផ្តាច់មុខ ដែលការណ៍នេះ នឹងអាចធ្វើឲ្យកម្ពុជា ក្លាយជាមូលដ្ឋានកងទ័ព របស់ចិនទីមួយ នៅក្នុងតំបន់យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក និងជាមូលដ្ឋាន កងទ័ពទីពីរ របស់ចិន នៅលើពិភពលោក ។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃ១៣ មិថុនា សម្តេចតេជោបានមានប្រសាសន៍ថា “អាឯងធ្វើកំពង់ផែរាងទ្រើសបន្តិច ប៉ុន្តែមិនទាន់បានប្រហែលកំពង់ផែនេសាទ របស់ជប៉ុន អាផែរាមរបស់យើង មិនទាន់បានបផែនេសាទ របស់ជប៉ុន ព្រោះជប៉ុនចាប់ត្រីបាឡែន ចឹងត្រូវផែធំៗ កាប៉ាល់ធំៗណាស់ ។ ឯងធ្វើឯណេះ គេថាទៅឯណោះ ចឹងប្រទេសមួយអត់មានសិទ្ធិធ្វើផែ ប្រទេសមួយអត់មានសិទ្ធិរៀបចំកងទ័ពជើងទឹក ជើងគោក អាកាស” ។

កាលពីថ្ងៃ១៨ មិថុនា សម្តេច ទៀ បាញ់ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ។ ក្នុងឱកាសនោះ សម្តេចថា ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែ ការធ្វើទំនើបកម្ម លើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ តែបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការ ការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ថែមទាំងអាចបំពេញបានករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា ៖ ការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការ រក្សាសន្តិភាពជាដើម ។
សម្តេចថា បន្ទាប់ពីការជួសជុលរួចហើយ មិនអនុញ្ញាតឲ្យអ្នកណា ចូលផ្តេសផ្តាសនោះទេ៕

To Top