ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក គ្រប់សាខាទាំងអស់ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឲ្យទាន់ពេលវេលា

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ប្រចាំខែឧសភា កន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយ នូវរាល់បញ្ហាប្រឈមទាំងឡាយ ដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គម ជូនដល់សមាជិករបស់ខ្លួន ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់ បានបំពេញកិច្ចការងារ ក្នុងការបម្រើសេវាជូនសមាជិក ប.ស.ស. បានល្អប្រសើរគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ។

លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដ នៅកម្ពុជា កំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេច ការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាព ចំណុះ ប.ស.ស. ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ ទៅលើសហគ្រាសខ្នាតតូច និងជំរុញឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបាន ការប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយ ភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។

ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់សាខាទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាព បានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. និងត្រូវបន្តដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ដែលជាឧបសគ្គក្នុងការអនុវត្តការងារ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ (Hybrid)៕

To Top