នយោបាយ

សម្តេចតេជោ ៖ ខ្ញុំគ្មានសិទ្ធិកាត់ដីឲ្យវៀតណាម ហើយក៏គ្មានសិទ្ធិ យកទឹកដីវៀតណាមដែរ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចគ្មានសិទ្ធិកាត់ទឹកដីមួយមួយមីលីម៉ែត្រ ឲ្យវៀតណាមឡើយ ហើយក៏គ្មានសិទ្ធិ យកទឹកដីរបស់វៀតណាមនោះដែរ ។

ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ បានថ្លែងថា សន្តិភាពបានកើតឡើងរយៈពេល៤៣ឆ្នាំហើយ ក្រោយការគ្រប់គ្រងប្រទេស ដោយគណបក្សប្រជាជនកម្ពុជា ។ សម្តេចថា បើប្រៀបធៀបពេលមុនតំបន់ព្រំដែន គឺមានមានការភ័យខ្លាច ។

សម្តេចបន្តថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានចុះហត្ថលេខាទទួលស្គាល់ព្រំដែន ចំនួន៨៤% នៃខ្សែ ដែលបានបោះបង្គោលរួច ខណៈកំពុងចរចាចំនួន១៦%ទៀត ក្នុងនោះ៦% កំពុងតែជជែកគ្នាបន្ត។

សម្តេចបញ្ជាក់ថា «បញ្ហានេះ ខ្ញុំគួរបញ្ជាក់គេថា លោក ហ៊ុន សែន ជំពាក់គុណវៀតណាម អីចឹងត្រូវកាត់ដីឲ្យវៀតណាម តែខ្ញុំសូមបញ្ជាក់ទៅវិញ បើគង់តែកាត់ដីឲ្យវៀតណាមវាស្រួលទេ មិនចាំបាច់ចរចាអស់រយៈពេល៤៣ឆ្នាំទេ ។ អាហ្នឹងនិយាយឲ្យពិត បើវៀតណាមចង់កាត់ កាត់តាំងពីវៀតណាម នៅក្នុងប្រទេសកម្ពុជាហើយ»

ជាមួយគ្នានោះដែរ សម្តេចក៏បានគូសបញ្ជាក់ ទៅកាន់អ្នកចោទប្រកាន់សម្តេចយ៉ាងដូច្នេះថា «បើគង់កាត់ឲ្យវៀតណាមដដែលចាំបាច់ចរចាពិបាកម៉្លេះ ឲ្យតែម្តងទៅវាចប់រឿងហើយ ។ នេះជារឿងចោទយ៉ាងអយុត្តិធម៌ មិនចាំបាច់ចោទឲ្យមួយតឹក មួយផឹងទេ ខ្ញុំសូមបញ្ជាក់នៅទីនេះ ចំពោះប្រជាពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស និងចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម និងមេដឹកនាំវៀតណាមនៅទីនេះថា ខ្ញុំគ្មានសិទ្ធិប្រគល់ដីឲ្យវៀតណាម សូម្បីមួយលីមីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានទឹកដីវៀតណាម សូម្បីមួយលីមីលីតម៉ែត្រដែរ សូមឲ្យតែត្រូវតាមក្បួនខ្នាតដែលអាណានិគមន៍បារាំងបានហើយ»

សម្តេចក៏បានលើកឡើងថា មិនថាជាមួយវៀតណាម សូម្បីជាមួយថៃ និងឡាវក៏អីចឹងដែរ។ ជាមួយគ្នានោះដែរសម្តេចលើកឡើងថា ក្រោយពេលដាក់ចេញ អនុវត្តយុទ្ធសាស្ត្រឈ្នះៗ សម្តេច បានដាក់ទិសដៅចំនួន២ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិ ទាំងអស់ ឲ្យក្លាយជាមួយតំបន់អភិវឌ្ឍន៍ និងទីផ្សារ ។ ទី២.ប្រែក្លាយខ្សែព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

To Top