ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំឲ្យជឿលើការហូបសាច់សត្វព្រៃថា ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។

ក្នុងឱកាសបើកយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថសង្គម លើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា នាថ្ងៃ២២ មិថុនា លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «សូមកុំជឿថាសាច់សត្វព្រៃ សំណាក់សត្វព្រៃជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ តែនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈម នឹងការបាត់បង់ជីវិតដោយសារតែសាច់សត្វព្រៃ និងសំណាកសត្វព្រៃគ្មានការពិនិត្យសុខភាព និងការបញ្ជាក់ច្បាស់លាស់ឡើយ ក្រៅពីការជឿតាមគ្នា ឮតៗគ្នា»។

លោកបន្ដថា «ប្រជាជនកម្ពុជាគ្រប់ៗរូប ទាំងក្មេងនិងចាស់ មានភារកិច្ចរួមមួយ ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ ដ៏មានតម្លៃរបស់យើង»។ ក្រសួងបរិសា្ថន ក៏អំពាវនាវឲ្យប្រជាជនឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត ត្រូវនិយាយថាទេ ចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជាចូលរួម ក្នុងការអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងទៀតថា ក្រសួង និងស្ថាប័ន-អង្គការដៃគូ ក៏បានសហការគ្នា ផ្តល់ជម្រើសជីវភាពរស់នៅ របស់សហគមន៍ មានដូចជាគំនិតផ្តួចផ្តើមផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងអេកូទេសចរណ៍ ដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់តំបន់ ការពារធម្មជាតិ ដែលពឹងផ្អែកលើការប្រមូលផល អនុផលព្រៃឈើ និងការបរបាញ់តាមបែបប្រពៃណី ដើម្បីបាន សាច់មកហូប និងសម្រាប់លក់។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងស្វែងរកការផ្លាស់ប្តូរចំណង់ចំណូលចិត្ត និងឥរិយាបថរបស់ប្រជាពលរដ្ឋ ក្នុងការទិញនិងការហូបសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យជំងឺរាតត្បាត នាពេលអនាគត។
គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់-សូន្យដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF កម្ពុជា ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការ អភិរក្សអន្តរជាតិ (CI) អង្គការ Fauna & Flora International (FFI) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife/BirdLife) និងអង្គការ Wild Earth Allies និងសហគមន៍មូលដ្ឋានបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២ មានគោលបំណងលុបបំបាត់ ការប្រើអន្ទាក់គ្រប់ប្រភេទ ការជួញដូរ និងបញ្ចប់តម្រូវការសត្វព្រៃ និងផលិតផលធ្វើពីសត្វព្រៃផ្សេងទៀត នៅកម្ពុជា។ យុទ្ធនាការអន្ទាក់-សូន្យនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ ដោយផ្តោតលើខេត្តចំនួន៦ គឺខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគីរី កំពង់ធំ និងរតនគីរី៕

