កីឡា

លោក នេត្រ ភក្ត្រា៖ សូមអំពាវនាវឲ្យក្រសួងស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងប្រព័ន្ធផ្សព្វផ្សាយបន្តសហការឧបត្ថម្ភគាំទ្រ និងអភិវឌ្ឍវិស័យកីឡា ប្រដាល់គុនខ្មែរ

ខេត្តកំពង់ឆ្នាំង៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយក្រុមហ៊ុនឯកជននៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ។


ក្នុងពិធីបិទក៏មានការអញជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្បាច់គុនខ្មែរ គឺជាក្បាច់គុនបុរាណរបស់យើងតាំងពីយូរលង់ណាស់មកហើយ មានចារឹកទុកនៅតាមបណ្តាប្រាង្គប្រាសាទនានា ។ ក្បាច់គុនបុរាណខ្មែរ កាលពីមុនជាក្បាច់យុទ្ធសាស្ត្រសម្រាប់ការពារខ្លួន និងការពារជាតិមាតុភូមិ ប៉ុន្តែការប្រដាល់បង្ហាញក្បាច់គុននៅពេលនេះ កីឡាករ កីឡាការិនីត្រូវបានហាមមិនឲ្យប្រើនូវក្បាច់ណាដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងនោះទេ ប៉ុន្តែប្រើតែក្បាច់ ឬស្នៀតណាដែលពុំសូវគ្រោះថ្នាក់តែប៉ុណ្ណោះសម្រាប់ជាវិស័យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត។


លោករដ្ឋមន្រ្តីបានបន្តថា ក្នុងនាមក្រសួងព័ត៌មាន និងក្នុងនាមលោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កីឡាករ-កីឡាការិនីរបស់យើងជារៀងរហូតមក ។


លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានខិតខំអភិវឌ្ឍវិស័យកីឡាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វិស័យកីឡាប្រដាល់គុនខ្មែរ បានទទួលនូវមេដាយមាសច្រើនជាងគេ។


រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស ដើម្បី ចូលរួមជាមួយយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននឹងកំពុងយក ចិត្តទុកដាក់ធ្វើកំណែទម្រង់ដើម្បីអភិវឌ្ឍលើមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ជា ពិសេសកីឡាករ កីឡា ការិនីពេញវ័យ និងកីឡាករថ្នាលដើម្បីឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ។


លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមាន សមាគមន៍កីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន១៥ ប្រតិភូ គ្រូបង្វឹក សរុបចំនួន៣០ កីឡាករ កីឡាការិនី ចំនួន ១៤៨នាក់ នារី២៩ នាក់ សម្រាប់វិញ្ញាសាដែល ត្រូវរៀបចំប្រកួត សរុបមានចំនួន១៨ រួមមាន ប្រយុទ្ធផ្នែក នារី មានចំនួន៥ ប្រភេទទម្ងន់ ប្រយុទ្ធផ្នែក បុរស មានចំនួន១១ ប្រភេទ ទម្ងន់ និងវិញ្ញាសា ថ្វាយដង្គុំគ្រូ ផ្នែកបុរស និងនារី ។


ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ គឺជាការលើកកម្ពស់នូវកេរមរតកជាតិ អត្តសញ្ញាណជាតិ ហើយក៏ជាការផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនីបានបញ្ចេញនូវសមត្ថភាព និងវាស់ស្ទង់នូវកម្រិតបច្ចេកទេសដែលកីឡាករ កីឡាការិនី ម្នាក់ៗបានធ្វើការហ្វឹកហាត់កន្លងមក។


ជាមួយនេះក៏ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ដល់សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស និងអន្តរជាតិឲ្យបានស្គាល់ និងយល់ច្បាស់អំពីគុណតម្លៃនៃក្បាច់គុនបុរាណខ្មែរ ជាពិសេសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលមានសក្តានុពល សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹក ហាត់ត្រៀមលក្ខណៈចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ។


ក្នុងឱកាសបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមឧបត្តម្ភនូវថវិកាចំនួន ១០ លានរៀល ផងដែរ ៕

ដោយ៖លី ភីលីព

To Top