ព័ត៌មានជាតិ

នាយកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក ស្ញប់ស្ញែងចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីឲ្យពលរដ្ឋ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩  

កំពង់ចាម ៖ លោក វេជ្ជបណ្ឌិតTakeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក បានមានការស្ងប់ស្ងែង ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ 

លោក វេជ្ជបណ្ឌិតTakeshi Kasai បានលើកឡើងដូច្នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសម រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ។ 

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថាជំងឺកូវីដ១៩ ចាប់ផ្ដើមចូលមកដល់ដំបូងក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ តាមរយៈកប៉ាល់ទេសចរណ៍មួយគ្រឿង មកពីប្រទេសវៀតណាម។ បន្ទាប់មក ក៏មានការឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ចូលក្នុងសហគមន៍ តើអ្នកជំងឺត្រូវបានអាជ្ញាធរនាំមកព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមានដូចជា សាលារៀនចំនួន ២៧កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ពិសេសគឺព្រឹត្តិការណ៍ ២០ កុម្ភៈ និងកន្លែងព្យាបាល ៣ទីតាំង សម្រាប់ព្យាបាលអ្នកជំងឺកូវីដចាប់ពីកម្រិតធ្ងន់ កម្រិតមធ្យម និងកម្រិតស្រាល ។ ប៉ុន្តែមកដល់ពេលនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង ដោយសារជំងឺកូវីដ១៩ បានធូរស្រាល ដោយឡែកចំពោះមន្ទីពេទ្យមេគង្គកំពង់ចាម នៅរក្សាបង្ការក្រែងមានឆ្លងជម្ងឺនោញឡើងវិញ ។ 

លោកអភិបាលខេត្តបានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨,៦២៧នាក់ បានព្យាបាលជាសះស្បើយចំនួន ៨,២៨៥នាក់ ស្លាប់ចំនួន ៣៤២នាក់ ។ 

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ថ្វីត្បិតតែជំងឺនេះមានភាពធូស្រាលយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែជំរុញឱ្យប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះ ការចាក់ដូសទី១ បាន ៨០% នៃផែនការ, ដូសទី២ បាន៧៤% នៃផែនការ , ដូសទី៣ បាន ៦១% នៃផែនការ , ដូសទី៤ បាន១៤% នៃផែនការ និងមកដល់ពេលនេះ មន្ត្រីជួរមុខបានចាក់ម្ជុលទី៥ ហើយ ។ ជាមួយគ្នានេះដែររដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការដោយបង្កើតក្រុមគ្រូពេទ្យ ជិត២០០ក្រុម ចុះចាក់ជូនប្រជាពលរដ្ឋតាមភូមិ ដោយមួយភូមិ ប្រើពេល២ថ្ងៃ ។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីខែមេសា ពេលចូលឆ្នាំខ្មែរ កន្លងទៅនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ចាមនោះទេ នេះដោយសារប្រជាពលរដ្ឋបានទទួលវត្តសាំងស្ទើរតែគ្រប់គ្នាទៅហើយ ។ 

លោក វេជ្ជបណ្ឌិតTakeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក បានថ្លែងក្នុងឱកាសនៅថា រដ្ឋបាលខេត្តកំពង់ចាម បានប្រើប្រាស់យុទ្ធសាស្ត្រលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ១៩។ ដូច្នេះនៅពេលដែលមានប្រជាជននៅក្នុងសហគមន៍ មានសុខភាពល្អ គឺអាចឈានទៅរកការអភិវឌ្ឍ និងការសំបូរសប្បាយនៅក្នុងសង្គមផងដែរ ពោលគឺ ការពង្រឹងវិនិយោគ ទៅលើប្រព័ន្ធសុខាភិបាល វាមិនមែនជាបន្ទុកទេ ។ ប៉ុន្តែវាគឺជាការវិនិយោគមួយដ៏ត្រឹមត្រូវ ដែលជួយអោយសង្គម និងផ្នែកផ្សេងៗមានការលូតលាស់ និងអភិវឌ្ឍន៍ ។ 

លោកវេជ្ជបណ្ឌិតTakeshi Kasai បានបន្តថា ជាង ២ឆ្នាំកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានប្ដេជ្ញាចិត្តថា និងកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក ។ រហូតមកដល់ពេលនេះតាមការសង្កេតរបស់លោក ឃើញថា អត្រាមរណៈភាពរបស់ ទារក និងមាតា គឺមានការថយចុះមែន ។ ទន្ទឹមនឹងនេះ លោក ពិតជាមានការស្ងប់ស្ងែង ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕

To Top