ព័ត៌មានជាតិ

បព្ជូានខ្លួនបុរសចិនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការចាក់ សម្លាប់បុរសចិនរងគ្រោះ ម្នាក់ ដោយសារតែ ខឹងជំពាក់លុយមិនសង

ភ្នំពេញ៖ សមត្ថកិច្ច នគរបាល ខេត្តស្វាយរៀង កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន បុរសចិន សង្ស័យម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង ដើម្បីសាកសួរ និង ចោទប្រកាន់តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយចាក់សម្លាប់ បុរសចិនម្នាក់ ដោយសារតែខឹងជនរងគ្រោះ បានជំពាក់ប្រាក់ចំនួន ៣.០០០ ដុល្លារ តែ មិនព្រមសង ប្រព្រឹត្ត នៅចំណុចអគារស្នាក់នៅលេខ៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ZHU JUN SHENG អាយុ៣២ ឆ្នាំ ជនជាតិចិន មុខរបរអ្នកផ្គត់ផ្គង់សម្ភារ អនឡាញកាស៊ីណូម៉ុកបាយ ក្រុងបាវិត។

ចំណែកឯជនរងគ្រោះមានឈ្មោះ GONG JIANGYONG ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE1185375 ស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ឃាតកម្ម និង ប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអគារស្នាក់នៅលេខ៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី៦ បន្ទប់លេខ ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ដោយ: លីហ្សា

To Top