ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតប៊ែលធី (BELTEI Level) លើកទី៧ ឆ្នាំ២០២២ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៣ ទី៦ ទី៩ និង ទី១២ ដែលមានបេក្ខជនចំណាត់ថ្នាក់លេខ១ ចំនួន ៨៨នាក់ មកពីសាខាទាំង២២ ចូលរួមប្រកួតប្រជែង ដណ្តើមជ័យលាភី ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្របគ្រង នាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប ។
តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា៖ មានបេក្ខជនសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ សរុបចំនួន ១០,៤៧០នាក់ បានចូលរួមប្រកួតប្រជែង និយាយជាសាធារណៈលើកទី៧ ឆ្នាំ២០២២។ បេក្ខជនទាំងអស់ ត្រូវធ្វើការប្រកួតជម្រុះ តាមថ្នាក់ (Class Level) និងតាមសាខា (CAMPUS LEVEL) របស់ខ្លួន ដើម្បីចម្រាញ់យកបេក្ខជនឆ្នើម ពីតាមសាខាទាំង២២ ចំនួន ៨៨នាក់ មកចូលរួមប្រកួតវគ្គពាក់កណ្តាលព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន២៤ សាខា ក្នុងនោះ ២៣សាខា កំពុងដំណើរការ និង១សាខា កំពុងសាងសង់ (គ្រោងនឹងដាក់ឱ្យដំណើរការ នាខែសីហាខាងមុខនេះ) និងមានសិស្សកំពុងសិក្សាចំនួនជាង ៥៥,០០០នាក់ និងមានបុគ្គលិក បម្រើការងារ ប្រមាណជាង ២,៥០០នាក់ផងដែរ ។ សាលា ប៊ែល ធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗចំនួន ៥ រួមមាន៖
១.កម្មវិធីចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១ – ១២)
២.កម្មវិធីភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម, កម្រិត១ – ១២)
៣.កម្មវិធី អភិវឌ្ឍបញ្ញា IMA
៤.វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥.ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ
បវេសនកាលចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងវគ្គថ្មីភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ជំនាន់ទី៦៥ នឹងត្រូវចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ ដើម្បីចូលរួមប្រកួតប្រជែង ចាប់តាំងពីកម្រិតថ្នាក់ កម្រិតសាខារបស់ខ្លួន រហូតដល់ទទួលបានជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលនេះ និងបានថ្លែងអំណរ គុណចំពោះ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យ សាលាបានល្អ ។ លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងពង្រឹង គុណភាពអប់រំ ផ្នែកចំណេះទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ហើយដើម្បីឲ្យប្អូនៗ ក្មួយៗទាំងអស់មានភាពក្លាហាន បង្កើនទំនុកចិត្ត ហ៊ាននិយាយជាសាធារណៈក្នុងចំណោមមហាជន ហ៊ានបញ្ចេញមតិយោបល់ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ។
ជាចុងក្រោយ លោកអគ្គនាយករង ក៏បានប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ ចំនួន ១២នាក់ ផងដែរ ៕