ព័ត៌មានជាតិ

Update: ឃាតករ ដែលបាញ់សម្លាប់លោក អាបេ បានឆែកមើល YouTube ពីរបៀបឆ្នៃអាវុធដោយខ្លួនឯង

តូក្យូ៖ ប្រភពស៊ើបអង្កេតបានឲ្យដឹងថា បុរសដែលបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានឆែកមើល YouTube នៅពេលបង្កើតអាវុធ ដែលប្រើក្នុងការវាយប្រហារលើមេដឹកនាំ ដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុន។

ប្រភពក៏បានឲ្យដឹងផងដែរថាឃាតករ Tetsuya Yamagami អាយុ ៤១ ឆ្នាំបានឲ្យដឹងថា រូបគេបានសាកល្បងកាំភ្លើងផលិតនៅផ្ទះមួយនៅឯកន្លែងភ្ជាប់ជាមួយក្រុមសាសនា ដែលរូបគេមានកំហឹងប្រឆាំងនឹងក្រុមនោះ។

លោក Yamagami បានលើកឡើងថា ម្តាយរបស់លោកបានធ្វើ “ការបរិច្ចាគដ៏ធំ” ដល់អង្គការដែលលោកជឿថា មានការពាក់ព័ន្ធជាមួយនឹងលោក អាបេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប៉ូលិស ខេត្ត ណារ៉ា ជឿថា លោកកំពុងសាកល្បងអាវុធមុនការវាយប្រហារដែលគ្រោងទុក។ លោក Yamagami បានបាញ់សម្លាប់លោក អាបេ អាយុ ៦៧ឆ្នាំកាលពីថ្ងៃសុក្រ ខណៈដែលលោកកំពុងថ្លែងសុន្ទរកថាបោះឆ្នោតក្រុមប្រឹក្សាសភានៅខាងក្រៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ត្រឹមតែពីរថ្ងៃមុនពេលអ្នកបោះឆ្នោត ទៅបោះឆ្នោតតែប៉ុណ្ណោះ។

លោក Yamagami បានបដិសេធថា ការបាញ់ប្រហារនេះមិនមានហេតុផលនយោបាយនោះទេ ដោយប្រាប់ប៉ូលិសថា លោកបានជ្រើសរើសធ្វើការប៉ុនប៉ងលើជីវិតរបស់អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី បន្ទាប់ពីបានរៀបចំផែនការដំបូង ដើម្បីកំណត់គោលដៅប្រតិបត្តិនៃក្រុមនេះ។

កាំភ្លើងផលិតនៅផ្ទះជាច្រើនដែលស្រដៀងនឹងកាំភ្លើងដែលប្រើដើម្បីសម្លាប់លោក អាបេ ត្រូវបានរឹបអូសពីផ្ទះរបស់លោក Yamagami ហើយប៉ូលីសប្រចាំខេត្តបានឲ្យដឹងថា វាហាក់ដូចជាលោកបានឆែកមើល YouTube ក្នុងការប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីបង្កើតអាវុធ។

ប្រភពក៏បានឲ្យដឹងផងដែរថា កាំភ្លើងដែលលោក Yamagami ផលិតដើម្បីបាញ់សម្លាប់លោក អាបេ គឺត្រូវបាន រចនាឡើងដើម្បីបាញ់គ្រាប់ចំនួន៦ គ្រាប់ ក្នុងពេលតែមួយ៕

To Top