ភ្នំពេញ៖ ពិរុទ្ធជនគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ប្រកាសសាលដីកា តម្កល់ទោស ជាប់គុក នៅក្នុងពន្ធនាគារ រយៈ ២៨ ឆ្នាំ ដដែល ជាប់ពាក់ព័ន្ធនឹងកាដឹកជញ្ជូន ជួញដូរគ្រឿងញៀន និង ការសម្អាតប្រាក់ ប្រព្រឹត្ត នៅក្នុងឆ្នាំ ២០២២ នៅក្នុង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក គី ឬទ្ធី ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទមានឈ្មោះ ប៊ុន សារ៉េត ភេទប្រុស ៣០ឆ្នាំ មុខរបរ និងលំនៅមិនច្បាស់លាស់។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ប៊ុន សារ៉េត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ផ្តន្ទាទោសដាក់ពន្ធនាគាកំណត់ ២៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។
ជនជាប់ចោទត្រូវបានចោទប្រកាន់ពីបទ: “ផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ មាត្រា ៤៧ មាត្រា៤៨ និងមាត្រា៣៨នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម “។
ជនជាប់ចោទឈ្មោះ ប៊ុន សារ៉េត ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនពណ៌ ប្រភេទមេតំហ្វេតាម៉ីន ទម្ងន់ ១៤១៥ ក្រាម( ជិត១,5គីឡូក្រាម)៕ ដោយ: លីហ្សា