ព័ត៌មានជាតិ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន ៩វត្ត នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន ៩វត្ត នៅខេត្តស្វាយរៀង ។ ពិធីត្រូវបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សា មាននៅគ្រប់សម័យកាល នៃព្រះពុទ្ធអង្គទាំងអស់ ។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន ។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធទទួលកឋិនអំពីពុទ្ធបរិស័ទ ដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី ។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុងសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ ។ ការហាមប្រាមនេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាម ដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។

លោកស្រីបានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លា នាថ្ងៃនេះ បានកើតឡើងចេញ ពីការរួមសាមគ្គីពីសំណាក់លោក ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៩វត្ត ក្នុងថ្ងៃនេះ រួមមាន៖ បច្ច័យ ២លានរៀល ទៀនធំ ១គូរ ស្លាដក់ ១ អង្គរ ៧៥គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ២យួរ ទឹកស៊ីអីវ ២យួរ ត្រីខកំប៉ុង ១កេសធំ ទឹកដោះគោ ១០កំប៉ុង ស្ករស ៥គីឡូក្រាម ប៊ីចេង ២គីឡូក្រាម ទៀនតូច ២គីឡូក្រាម ធូប ២ដុំ ខ្ទឹមស ២គីឡូក្រាម តែ ៦កញ្ចប់ អំបិល ២គីឡូក្រាម សៀង ២គីឡូក្រាម ឆៃប៉ូវ ២គីឡូក្រាម ម៉ាស់ ១កេស ជែល ១កេស នំអន្សម ៥ ផ្លែឈើ ១កន្ត្រក បច្ច័យ ២លានរៀល ព្រះសង្ឃ ៤៤អង្គ ក្នុង ១អង្គ បច្ច័យ ៤ម៉ឺនរៀល ៕

To Top