ភ្នំពេញ ៖ អង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត»។
ជាមួយគ្នានេះ អង្គសន្និបាតមានការសង្ឃឹមជឿជាក់ថា គ្រប់គណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមនឹងបន្តធ្វើសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ តាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ សំដៅចូលរួមចំណែកដ៏សកម្មដល់ការបង្កើតបរិយាកាសនយោបាយល្អប្រសើរ ឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ ត្រូវទប់ស្កាត់រាល់ សកម្មភាពប្រទូសរ៉ាយទាំងឡាយទោះចេញពីប្រភពណាក្តី ដែលចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ញុះញង់បង្កការបែកបាក់ក្នុងសង្គមជាតិ និងរារាំងដំណើរការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លើសពីនេះទៀត អង្គសន្និបាតគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ ៖ ទី១-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និងទី២- ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បី ជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕