ព័ត៌មានជាតិ

ស្ត្រីជាបុគ្គលិកលក់ដែកម្នាក់ ត្រូវជាប់ពន្ធនាគារ ដោយសារតែ ស៊ីដាច់លុយថៅកែ ជាង ៦០០០ ដុល្លារអាមេរិក

ភ្នំពេញ ៖ ស្ត្រីត្រូវចោទម្នាក់ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួន និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ សល មេត្តា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់ នៅដេប៉ូសំណង់ សុខបាន រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនត្រូវចោទត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: «រំលោភលើទំនុកចិត្ត» (លួចលក់ដែករបស់ថៅកែ និងដើរប្រមូលប្រាក់របស់ដេប៉ូ តាមបណ្តាស្រុក ចំនួន ៦១៦៧ដុល្លារ យកទៅចាយវាយផ្ទាល់ខ្លួន) តាមបញ្ញត្តិមាត្រា ៣៩១ និង ៣៩២ នៃ ក្រមព្រហ្មទណ្ឌ។

គាត់ត្រូវបានចាប់ឃាត់ កាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តាមបណ្តឹងរបស់ថៅកែក្រុមហ៊ុន ឈ្មោះសួន ចាន់គីម ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរម្ចាស់ដេប៉ូ សុខបាន រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងខេត្តបាត់ដំបង ( ជាភាគីដើមចោទ)៕

ដោយៈ លីហ្សា

To Top