ព័ត៌មានជាតិ

ក្រុមហ៊ុនទឹកសុទ្ធវីតាល់ នាំយកដើមកោងកាង ៣០០០ ដើម ទៅដាំនៅសហគមន៍ នេសាទភូមិថ្មី ក្នុងខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិ សម្រាប់ការអភិរក្ស ប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាង

ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំព្រឹត្តិការណ៍ដាំដើមកោងកាង ទ្រង់ទ្រាយធំឆ្នាំទី៣ ដោយបានសហការរៀបចំ ជាមួយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងគោលបំណង លើកកម្ពស់ និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញ នៅតាមតំបន់ឆ្នេរ សមុទ្រកម្ពុជា ស្របជាមួយការអបអរសាទរ ទិវាអន្តរជាតិ សម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ នេះត្រូវបានរំពឹងថា នឹងជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋឱ្យ ស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្ស ធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។

អញ្ជើញចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវត្តមាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាង លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ជាច្រើនរយនាក់ ។

ព្រឹត្តិការណ៍ដាំដើមកោងកាងនេះ គឺជាផ្នែកមួយ នៃសកម្មភាពសង្គមរបស់វីតាល់ ក្រោមឆត្រ នៃមូលនិធិ២៥៛ ដែលមាននាទីក្នុងការតបស្នងដល់សង្គម និងផ្នែកមួយនៃមូលនិធិ គឺការចូលរួមអភិវវឌ្ឍ ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ស្របជាមួយប្រធានបទ “ដើមកោងកាងស្ទួយប្រភព ស្រស់ថ្លានៃធម្មជាតិ” ។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា «វីតាល់ ដែលមានមូលនិធិ២៥៛ មានមោទនភាព ដែលទទួលការបន្តគាំទ្រ ពីក្រសួងបរិស្ថាន សម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែក នៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ី ដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា ។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង បានរងការគំរាមកំហែង ដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញ មានសារៈសំខាន់ណាស់ ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះ តាមរយៈសកម្មភាព នៃការដាំកោងកាងឡើងវិញ ចូលរួមការពារ និងផ្សព្វផ្សាយ ដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ» ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអភិរក្ស ដើមកោងកាង នៅកម្ពុជា ដោយលើកឡើងថា ការដាំកូនកោងកាង ក្នុងទិវាអន្តរជាតិ សម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាង ២៦ កក្កដា មិនត្រឹមតែចូលរួមបង្កើតភាព បៃតង នៅតាមតំបន់ខេត្ត មាត់សមុទ្រ ប៉ុន្តែបានចូលរួមបង្កើត ជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី នៅតំបន់សមុទ្រ ហើយនឹងផ្តល់ការលើកទឹកចិត្ត ដល់សាធារណៈជន ឱ្យស្រឡាញ់បរិស្ថាន កាន់តែខ្លាំងនិងចូលរួម ការពារបរិស្ថាននិង ធនធានធម្មជាតិ ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរ នៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែង នៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្ត តភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ នៃមច្ឆធម្មជាតិ ដែលជាប្រភព ធនធានសមុទ្រ ដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និង ដាំស្តារព្រៃកោងកាងឡើងវិញ ។ កោងកាងផ្តល់ នូវការបន្ស៊ាំ ធម្មជាតិ ទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់»

លោក សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប «បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើម របស់វីតាល់ និងអរគុណ ចំពោះការជ្រើសរើសខេត្តកែប សម្រាប់អនុវត្តគម្រោងនេះ ។ ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តគ្រប់មន្ទីរទាំងអស់ ក៏ដូចជាសាធារណជន ទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាង ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាព បរិស្ថាន ឱ្យបានល្អ និងលើកកម្ពស់ សោភ័ណភាព ទីក្រុងបៃតង ។ លោកបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធាន ធម្មជាតិ សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ ធនធានធម្មជាតិបានយូរអង្វែង»។

គូសបញ្ជាក់ផងដែល វីតាល់ បានចាប់ផ្តើមអនុវត្តគម្រោង ដាំដើមកោងការតាំងឆ្នាំ២០២០ ដោយបានដាំចំនួន ២,០០០ដើមរួចមក ហើយនៅសហគមន៍ ត្រពាំងសង្កែ និងសហគមន៍នេសាទ ព្រែកត្នោត ខេត្តកំពត ។ ដោយសារការទឹកចិត្តដ៏មោះមុត របស់ខ្លួនខាងផ្នែកសកម្មភាពសង្គម កាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global CSR Award” ពីសិង្ហបុរី ៕

To Top