ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយរដ្ឋបាល ខេត្តកណ្តាល រៀបចំសិក្ខា សាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការ ធ្វើធុរកិច្ចប្រេងឥន្ធនៈ” ជូនដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានសហការជាមួយរដ្ឋបាល ខេត្តកណ្តាល បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ “ច្បាប់ និង ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ប្រេងឥន្ធនៈ” ជូនដល់អាជីវករ ដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅទូទាំងខេត្តកណ្តាល ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំ របស់សាលាខេត្តកណ្តាល ក្រោមវត្តមានលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពី លោក លោកស្រី ដែលអញ្ជើញ មកពីអយ្យការ អមសាលាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុក និងពាណិជ្ជករ ដែលប្រកបអាជីវកម្ម វិស័យប្រេងឥន្ធនៈ ក្នុងខេត្តកណ្តាលជាច្រើននាក់ ។
គោលបំណង នៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជៀបការយល់ដឹង ផ្នែកច្បាប់ សិទ្ធិអំណាច របស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន ។

សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹង ផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករ ប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍ អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌និងយុត្តិធម៌ និងជំរុញឱ្យខឿន សេដ្ឋកិច្ច ជាតិរីកចម្រើនទៅមុខ។ ការអនុវត្តច្បាប់នេះ ប្រកបដោយប្រសិទ្ធភាព នឹងជំរុញមានការការពារ ដល់សិទ្ធិនិងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្ត រវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកប ដោយសុចរិត និងមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមធម៌ នឹងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ ។

ក្នុងអង្គសិក្ខាសាលានេះផងដែរ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប.បានជម្រាបជូនដល់អាជីវករ ដែលប្រកបអាជីវកម្ម វិស័យប្រេងឥន្ធនៈ អំពីនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត នីតិវិធីនៃការពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌផងដែរ ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានក.ប.ប. ក្រោមកិច្ចសហការពីគណៈអភិបាលខេត្តកណ្តាល និងដៃគូផ្សេងទៀត បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ការយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ជូនដល់ពាណិជ្ជករ ផលិតករ អាជីវករ និងអង្គភាពពាក់ព័ន្ធ។ យើងសង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះ យើងនឹងបណ្តុះ បាននូវការយល់ដឹងផ្នែកច្បាប់ ពិសេសច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមគ្នា គោរព និងអនុវត្តតាមគោលសំខាន់ ដែលត្រូវបានបញ្ញត្តិដោយច្បាប់ សំដៅជំរុញ ឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាប្រទេសនីតិរដ្ឋ ៕

To Top