កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន លើផ្នែកបច្ចេកវិទ្យាដើម្បី ងាយស្រួលក្នុងការទទួលព័ត៌មាន នឹងបម្រើសេវាបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា មកដល់ពេលបច្ចុប្បន្ននេះ បច្ចេកទេសឧស្សាហកម្ម កំពុងតែវិវឌ្ឍន៍ទៅមុខ ប៉ុន្តែនៅមានមន្ត្រីយើងខ្លះ សូម្បីតែហ្វេសប៊ុកមិនទាន់ចេះលេងផង ឬមិនចេះប្រើទូរស័ព្ទស្មាតហ្វូនតែម្តង ដែលប្រការនោះ ធ្វើឱ្យការងារដើរមិនទាន់បច្ចេកវិទ្យា ។
លោកអភិបាលខេត្តបន្តថា បច្ចុប្បន្ននេះ គឺគេប្រើប្រព័ន្ធបច្ចេកវិទ្យា តាមអនឡាញ ដើម្បីជូនដំណឹង ឬទំនាក់ទំនងការងារផ្សេងៗ តាមកម្មវិធី Telegram ឬ WhatsApp គឺធ្វើឲ្យទទួលព័ត៌មានបានលឿន និងធ្វើការងារបានឆាប់រហ័ស ។ដូច្នេះតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ចាម ចាំបាច់ត្រូវចេះ និងត្រូវមានការវិវឌ្ឍន៍ខ្លួនដល់កម្រិតមួយ ដែលយើងអាចទទួលព័ត៌មាន ឬផ្ដល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការរីកចម្រើន នៃការបំពេញមុខងាររបស់យើង ជាមន្ត្រីរាជការឲ្យសាកសមជាមន្ត្រី បម្រើប្រជាពលរដ្ឋ ។
ក្នុងកិច្ចប្រជុំនោះផងដែរ ដោយសារមានសមាជិកក្រុមប្រឹក្សាខេត្ត លើកឡើងអំពីបញ្ហាការកើតឡើងនូវជំងឺកូវីដ១៩ បំលែងថ្មីពីអូមីក្រុង មកប្រភេទ (ប៊ីអេ4,ប៊ីអេ5) លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ មន្ទីរសុខាភិបាលរដ្ឋបាលខេត្ត សូមឱ្យធ្វើការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដើម្បីឲ្យពួកគាត់មានការប្រុងប្រយ័ត្ន ជៀសវាងការឆ្លងជំងឺកូវីត១៩ ប្រភេទថ្មីនេះ ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ជំងឺកូវីដ១៩ ប្រភេទថ្មី (ប៊ីអេ4,ប៊ីអេ5) គឺមានការឆ្លងឆាប់រហ័ស និងឆ្លងឡើងវិញបើទោះបីជា អ្នកធ្លាប់កើតជំងឺកូរវិដ ព្យាបាលជាហើយក៏ដោយ ។ ហើយការវិវិត្តន៍នៃជំងឺនេះគឺមានការលំបាកក្នុងការ ការពារមិនឱ្យកើត ប្រសិនបើបុគ្គលម្នាក់ៗ ខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ជាពិសេសការឆ្លង ងាយនិងកើតឡើងក្នុងពេល ទទួលទានអាហារជុំគ្នា ក្នុងពិធីបុណ្យ ឬពិធីជប់លៀងផ្សេងៗជាដើម ៕