ព័ត៌មានជាតិ

អាជ្ញាធរ ផ្អាកចរាចរលើផ្លូវ៦០ម៉ែត្រ ពីថ្ងៃ២៩-៣១សីហា ដើម្បីបើកការដ្ឋានសង់ស្ពានអាកាសថ្មី ក្រោមអធិបតី សម្តេចតេជោ(Video)

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។

កម្មវិធីនេះ នឹងប្រព្រឹត្តនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាត​ឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយនឹងមហាវិថី អ្នកឧកញ៉ាមហាភក្តី​ សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) រយៈពេល៣ថ្ងៃ ។

កម្មវិធីដែលមានក្នុងរយៈពេល៣ថ្ងៃរួមមាន៖ ទី១. ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៥នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការលាងសម្អាតមហាវិថី និងរៀបចំទីតាំងប្រារព្ធពិធី , ទី២. ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រៀបចំពិធីក្រុងពាលី និងការងារចាំបាច់មួយចំនួន និងទី៣. ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ រៀបចំពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសទាំងពីរខ្សែខាងលើ៕

To Top