ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណើរទាំង១៧ របស់គណបក្សនយោបាយ ចំនួន៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា សំណើរមួយចំនួនគឺហួសដែនសមត្ថកិច្ច របស់ស្ថាប័ន គ.ជ.ប។

ការបញ្ជាក់ប្រាប់នេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន ស្ដី លទ្ធផលជំនួបពិភាក្សាការងារ ជាមួយគណបក្សនយោបាយចំនួន៤ ពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធ បោះឆ្នោតនៅកម្ពុជា បានឱ្យដឹងថា ភាគីគណបក្សនយោបាយ បានលើកឡើង ចំនួន១៧ចំណុច ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត ហើយតំណាងគណបក្សនយោបាយ បានពន្យល់នូវចំណុចនីមួយៗ ដល់ភាគី គ.ជ.ប អំពីបញ្ហា ដែលគណបក្សនយោបាយ ជួបការលំបាក និងបញ្ហាខ្លះទៀត សំណូមពរឱ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។

ក្រោយពីបានស្តាប់ការលើកឡើង របស់ភាគីគណបក្សនយោបាយរួចមក ភាគី គ.ជ.ប បានជម្រាបជូនដល់ភាគី គណបក្សនយោបាយវិញថា «ចំណុចខ្លះមិនពាក់ព័ន្ធនឹង សមត្ថកិច្ច គ.ជ.ប ទេ គឺទាក់ទងនឹងស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នរៀបចំច្បាប់ និងស្ថាប័នក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអាជ្ញាធរដែនដី។ ស្ថាប័ន គ.ជ.ប ទាក់ទងនឹងការងារបច្ចេកទេស នៅក្នុងការអនុវត្តច្បាប់តែប៉ុណ្ណោះ»។

ជារួមចំពោះសំណើររបស់គណបក្សនយោបាយទាំង៤ បានស្នើឡើងនោះភាគី គ.ជ.ប ទទួលយក និងរៀបចំជារបាយការណ៍ ដើម្បីដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេចថា តើគួរយក ឬមិនគួរយកទៅលើចំណុចណាមួយ ដើម្បីកែលម្អ ស្របទៅតាមច្បាប់។

កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង ភាគីទាំងពីរបានទទួលស្គាល់ ថា មានលក្ខណៈល្អ យោគយល់គ្នា ដោយបានជជែកគ្នាត្រង់ទៅ ត្រង់មក ហើយការជួបគ្នាបែបនេះ គឺជាយន្តការល្អ ពីព្រោះអាចយកបញ្ហា មកដាក់លើតុ ដើម្បីជជែកគ្នារកវិធានការ និងរកវិធីដោះស្រាយនូវបញ្ហាប្រឈម ដែលអាចកើតមានឡើង ជាពិសេសធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការរៀបចំ ការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានលក្ខណៈកាន់តែ ល្អប្រសើរឡើង៕










