ភ្នំពេញ ៖ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី «លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន» របស់ក្រសួង ជាមុនសិន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។
ក្រសួង បញ្ជាក់ថា «ដោយសារផ្លូវនេះ ជាផ្លូវល្បឿនលឿនថ្មី សម្រាប់កម្ពុជា ដូច្នេះប្រជាពលរដ្ឋ ចាំបាច់ត្រូវយល់ដឹងអំពី លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន ជាមុនសិនតាមរយៈវីដេអូនេះ។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយសុវត្ថិភាព»។
សូមរំលឹកថា ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។
លើសពីនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលកន្លងមកត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕