ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើភាគីចិន បន្ដស្រាវជ្រាវ និងបង្ក្រាបមេក្លោង ក្នុងប្រទេសសាម៉ី ដែលពួកគេមានបណ្ដាញ ទំនាក់ទំនង ប្រព្រឹត្តបទល្មើសឆ្លង ដែនខុសច្បាប់ ខណៈកម្ពុជា ក៏នឹងខិតខំស្រាវជ្រាវ បង្ក្រាបពួកឧក្រិដ្ឋជន ឆ្លងដែនខុសច្បាប់ ផងដែរ ។
នាឱកាសអនុញ្ញាឱ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ នារយៈពេលចុងក្រោយ ។
សម្ដេចថា រាជរដ្ឋាភិបាល កម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច របស់ភាគីមិត្ត ព្រមទាំងបណ្ដាភាគីមិត្ត ក្នុងតំបន់ទាំងអស់ដែរ ។
សម្ដេច បានបន្ថែមថា ដើម្បីជំរុញដល់ដំណើរ ការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើត យន្តការសំខាន់ៗ រួមមាន៖ ការបង្កើតក្រុមការងារបង្ក្រាបល្បែង ស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យ ក្រុមពលករហត្ថពលម្ម បរទេសនៅកម្ពុជាផងដែរ ។
សម្ដេច បានបញ្ជាក់ថា «កម្ពុជា ក៏ជាប្រទេសរងគ្រោះ ដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការ ឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទ នេះនាពេលកន្លងមកជាមួយភាគីចិន» ។
សម្ដេច បន្ដទៀតថា «ស្នើភាគីចិនបន្តគាំទ្រ ការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោង នៅក្នុងប្រទេសសាម៉ី ដែលពួកគេមាន បណ្ដាញ ទំនាក់ទំនងប្រព្រឹត្ត បទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួក ឧក្រិដ្ឋជនទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជា»។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតចិន បានឱ្យដឹងថា ស្ថាន ទូតចិន បានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយ អំពីព័ត៌មានទាំងនេះទៅដល់ បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានា ឱ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរ មានសមត្ថកិច្ចកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរសព្ទHot Line ដែលបានផ្សព្វផ្សាយកន្លងមក ។
លោក បានថ្លែងអំណរគុណការយកចិត្តទុកដាក់ របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះ លទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ។ លោក ក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗ របស់ភាគីកម្ពុជាដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។
ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណ ការប្ដេជ្ញាចិត្តរបស់ លោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទនេះ ដោយចាត់ទុកថា ជាមូលដ្ឋានរឹងមាំនិង សំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានា ដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា ៕