ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ជំរុញអភិបាលរងស្រុកថ្មី ត្រូវចូលរួមសហការ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ

ស្វាយរៀង ៖ លោក រស់​ ផារិទ្ធ​ អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អភិបាលរងស្រុករំដួលថ្មី ត្រូវចូលរួមសហការ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។ 

ការថ្លែងបែបនេះរបស់លោក រស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត​​ បានអញ្ជើញក្នុងពិធីប្រកាស​ ចូលកាន់មុខដំណែង អភិបាលរងស្រុករំដួល ចំនួន២រូបរួមមាន៖ លោក​ស្រី​ តិច​ សុផា​​ ឋានន្តរស័កនាយក្រមការថ្នាក់លេខ៦​ ជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល។ លោក​ សេក​ គឹមសាន​ ឋានន្តរសក្កិអនុមន្ត្រីថ្នាក់លេខ១​ ជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក លោកនាយករងទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំក្នុងស្រុករំដួល។

លោកអភិបាលរងខេត្ត បានថ្លែងផ្តាំផ្ញើដល់ គណៈអភិបាលស្រុក ដែលទើបចូលកាន់មុខតំណែងថ្មី និងជួរគណៈអភិបាលស្រុកទាំងអស់ ត្រូវចូលរួមសហការជួយការងារ រដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេស ត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។​

បន្ថែមលើសពីនេះ លោកអភិបាលរងខេត្តស្វាយរៀង បានជំរុញដល់​រដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្ត វិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំង ឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។​
 
ជាមួយគ្នានេះ ត្រូវចូលរួមបង្កើនកិច្ចសហការ ក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនា ឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

លោកបានបញ្ជាក់ថា ​រដ្ឋបាលស្រុកត្រូវជួយគាំទ្រ ដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការ ច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា៕

To Top