ព័ត៌មានជាតិ

សម្ដេចតេជោ​ ៖​ គ្រូបង្រៀន​ ចាត់ទុកជាមាតាបិតាទីពីរ ផ្តល់ការអប់រំ​ទាំងចំណេះវិជ្ជា អត្តចរិត​ដល់សិស្ស

ភ្នំពេញ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានឲ្យដឹងថា​ គ្រូបង្រៀន​ ត្រូវបានចាត់ទុកជាមាតាបិតាទីពីរក្នុងការផ្តល់ការអប់រំ​ ទាំងចំណេះវិជ្ជា និងអត្តចរិត​ ដល់កុលបុត្រ កុលធីតា។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាថ្ងៃ​ទី៥​ ខែតុលា​ ឆ្នាំ២០២២​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអបអរសាទរ ទិវាគ្រូបង្រៀន ឆ្នាំ២០២២។

សម្តេចតេជោ​បន្ដថា​ ចាប់ពីឆ្នាំ១៩៩៧មកកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

សម្តេចតេជោ​បញ្ជាក់ថា​ “គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី”។

សម្តេចតេជោ​ បន្ថែមថា​ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់ លោកគ្រូ អ្នកគ្រូ ៕

To Top