ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់បញ្ចួនមន្រ្តីជំនាញរបស់ក្រសួង ឱ្យចុះសហការ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការវាយតម្លៃ និងត្រៀមដឹកគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ ទៅកាន់គោលដៅ ដែលកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង។
តាមរយៈសារជាសំឡេង ជាង៧នាទី នៅរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ស្ថានភាពទឹកជំនន់ នៅតាមមូលដ្ឋានគឺស្ថិតក្នុងការគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាកង្វល់ នៅត្រង់ថាការខ្វះពូជស្រូវ ឬពូជដំណាំផ្សេងៗ ដែលទាមទាឱ្យថ្នាក់ជាតិអន្តរាគមន៍ជាបន្ទាន់។
ពាក់ព័ន្ធករណីនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមដាក់បទបញ្ជាឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្ដីទីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាត់មន្រ្តីជំនាញរបស់ក្រសួងឱ្យចុះធ្វើការជាមួយរដ្ឋបាលខេត្ត និងគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃឱ្យបានឆាប់ជាទីបំផុត តាមដែលអាចធ្វើបាន អំពីការខូចខាតដំណាំស្រូវ ក៏ដូចជាដំណាំផ្សេងទៀត»។
សម្ដេចថា ការចុះវាយតម្លៃនេះ ធ្វើឡើងដើម្បីឱ្យរាជរដ្ឋាភិបាលអាចបញ្ចេញយ៉ាងលឿន ទៅកាន់ទីតាំងដែលមានស្រូវខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋ បានបង្កបង្កើនផលឡើងវិញ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យមានកិច្ចសហការជាបន្ទាន់រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃផង និងត្រៀមបំរុងដឹកចេញ ដើម្បីដឹកចេញនូវពូជស្រូវ និងដំណាំផ្សេងៗ ទៅកាន់គោលដៅផង។
សម្ដេចណែនាំកុំបណ្ដែតបណ្ដោយឱ្យទឹកស្រកហួស ហើយគ្មានប្រភពទឹកសម្រាប់បង្កបង្កើនផលបន្ថែម។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណជា ១៥ ១៤១២ហិកតា និងផលដំណាំរួមផ្សំចំនួន ៤១ ០២៤ ហិកតា បាននឹងកំពុងរងផលប៉ះពាល់ពីទឹកជំនន់៕