ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ប៉ូលីសចិន បន្តបង្ក្រាប បទល្មើសឆបោក ឆ្លងដែន តាមប្រព័ន្ធទូរគមនាគមន៍ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តច្បាប់ ទទួលលទ្ធផល គួរឱ្យកត់សម្គាល់

ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា បានចាត់វិធានការបង្ក្រាបដ៏តឹងរឹង ដែលមិនធ្លាប់មានពីមុនទៅលើ ក្រុមឧក្រិដ្ឋជនបរទេស និងបុគ្គលដែលធ្វើសកម្មភាពឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ការលេងល្បែងអនឡាញ ការជួញដូរមនុស្ស និងការរំលោភបំពានលើអ្នកដទៃ។ល។ ដែលទទួលបាន ការចាប់អារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងចំណោមឧក្រិដ្ឋជនទាំងនេះ ភាគច្រើន គឺជាជនជាតិចិន នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុត ដែលទទួលបានបន្ទាប់ពី លោកប្រធានាធិបតី Xi Jinping និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឈានដល់ការព្រមព្រៀងគ្នា ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងកម្ពុជា-ចិន ក្នុងខែមករា ឆ្នាំ២០១៩ ហើយប្រាកដជានឹងបើកទំព័រថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ចិន-កម្ពុជា។

ស្របជាមួយនឹងការអភិវឌ្ឍន៍ ដ៏ឆាប់រហ័ស ក្នុងវិស័យព័ត៌មានវិទ្យា ជាសកល បទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិតបានរំលេចចេញនូវលក្ខណៈពិសេសដែលកាន់តែមានជំនាញ ឧស្សាហូបនីយកម្ម ការប្រព្រឹត្តបទល្មើសជាក្រុម និងជាលក្ខណៈអន្តរជាតិ។ ទីតាំងប្រព្រឹត្តសកម្មភាព ឆបោកភាគច្រើន ស្ថិតនៅក្រៅប្រទេស និងតំបន់ផ្សេងៗ ជាប្រភេទបទល្មើសឆ្លងដែន ដែលមានរចនាសម្ព័ន្ធ ដោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិស្របច្បាប់ និងសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ហើយបានក្លាយជាបទល្មើសចំបង និងការរំខានដល់សាធារណៈក្នុងពិភពលោក។

នេះមិនត្រឹមតែជាបញ្ហាប្រឈមដ៏ធំរបស់សមត្ថកិច្ចប៉ូលីស ក្នុងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាលំបាក សម្រាប់រដ្ឋាភិបាលគ្រប់ប្រទេសក្នុងការបង្ក្រាប និងគ្រប់គ្រងផងដែរ។ មន្ត្រីប៉ូលីសចិន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការអនុវត្តច្បាប់អន្តរជាតិ និងជំរុញបន្ថែមទៀតលើការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ដោយប្រមូលនូវបទពិសោធន៍ជោគជ័យ និងផ្តល់ជាឯកសារយោង ដ៏មានអត្ថប្រយោជន៍ សម្រាប់ការបង្រ្កាបនិងប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ក្នុងប្រទេសនានាជុំវិញពិភពលោក។ ច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ហើយបានប្រកាសផ្សព្វផ្សាយនូវ “ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត” ផ្តល់នូវការធានាផ្នែកច្បាប់ដ៏រឹងមាំដល់ការងារបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងតាមអ៊ីនធឺណិត។ លោកប្រធានាធិបតីចិន Xi Jinping បានធ្វើការណែនាំសំខាន់ៗជាច្រើនលើកច្រើនសារ ហើយលោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានដឹកនាំសកម្មភាពបង្ក្រាបដោយផ្ទាល់ ហើយបានជួបប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអ៊ីនធឺណិតជាមួយមន្ត្រីប៉ូលីសជាន់ខ្ពស់មកពីប្រទេសជាច្រើន ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការបង្ក្រាបបទល្មើសឆបោកឆ្លងដែនតាមទូរគមនាគមន៍។

មន្ត្រីប៉ូលីសចិនបានធ្វើការស្រាវជ្រាវនូវលក្ខណៈពិសេសរបស់បទល្មើសប្រភេទនេះ ដោយបានបង្កើតក្រុមការងារពិសេស អនុវត្តគម្រោងពិសេស ប្រើប្រាស់បច្ចេកវិទ្យាជំនាញ ពង្រឹងកម្លាំងទាំងផ្នែកខាងក្នុង និងខាងក្រៅ និងដាក់ពង្រាយសកម្មភាពប្រតិបត្តិការពិសេសជាបន្តបន្ទាប់ ដែលបានទប់ស្កាត់ការកើតឡើងនូវបទល្មើសបែបនេះជាញឹកញាប់ប្រកដោយប្រសិទ្ធភាព ទប់ស្តាត់នូវការការបាត់បង់ផ្នែកសេដ្ឋកិច្ចជាច្រើន ត្រូវបានទទួលស្គាល់យ៉ាងពេញទំហឹងពីមហាជន និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិផងដែរ។ ក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ មន្ត្រីប៉ូលីសចិនបានសហការអនុវត្តសកម្មភាពបង្ក្រាបជាមួយប៉ូលីសមកពីប្រទេសជាច្រើនតាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ”ប្រតិបត្តិការមហាកំផែង” ដែលសហការជាមួយមន្ត្រីប៉ូលីសអេស្ប៉ាញក្នុងឆ្នាំ២០១៩ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្លងដែន។ ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំនេះ ស្ថិតក្រោមក្របខណ្ឌរបស់អង្គភាពប៉ូលីសInterpol មន្ត្រីប៉ូលីសចិនបានសហការជាមួយនឹងប៉ូលីសនៃសមាជិកប្រទេសចំនួន៧៦ ចូលរួមក្នុងប្រតិបត្តិការប្រឆាំងបទល្មើសឆបោក ដែលមានឈ្មោះថា ”ប្រតិបត្តិការព្រឹកព្រលឺម” បានបង្ក្រោប និងបំផ្លាញទីតាំងឆបោកចំនួន ១,៧៧០ កន្លែងនៅក្នុងប្រទេសជាច្រើន និងឃាត់ខ្លួនជនសង្ស័យឧក្រិដ្ឋកម្មជាង ២,០០០ នាក់ ដកហូតបានមូលនិធិខុសច្បាប់ជាង ៥០លានដុល្លារអាមេរិក។

ចំពោះករណីជនជាតិចិនដែលធ្វើសកម្មភាពឆបោកនៅក្រៅប្រទេស ជាពិសេសជនទាំងនេះភាគច្រើន ត្រូវបានគេលួងលោមដោយផ្តល់ប្រាក់ខែខ្ពស់ ត្រូវបានគេបោក និងបង្ខិតបង្ខំឱ្យលួចឆ្លងដែន ហើយក៏មានមនុស្សមិនតិច ត្រូវបានចាប់ជំរិត ឃាត់ខ្លួន វាយដំ និងធ្វើទារុណកម្មរហូតដល់បាត់បង់ជីវិត ស្ថាប័នសន្តិសុខសាធារណៈបានខិតខំសហការយ៉ាងសកម្មជាមួយក្រសួង អង្គភាពពាក់ព័ន្ធ តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ ដើម្បីចុះជួយសង្គ្រោះ ធ្វើការអប់រំ និងណែនាំពួកគេឲ្យវិលត្រឡប់មកវិញ ហើយបានខិតខំប្រឹងប្រែងផ្តល់ជាជំនួយ និងផ្តល់ការងារបន្ទាប់ពីពួកគេត្រឡប់ទៅប្រទេសចិនវិញ។

ស្ថាប័នគ្រប់គ្រងកិច្ចការអន្តោប្រវេសន៍អនុលោមតាមការកំណត់ក្នុង “ច្បាប់ស្តីពីការគ្រប់គ្រងការចេញ និងចូលប្រទេស” បានចាត់វិធានកាស្របតាមច្បាប់ ដោយធ្វើការរឹតបន្តឹងចំពោះការចាកចេញពី ប្រទេសរបស់បុគ្គល ដែលបានចូលរួម ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ មន្ត្រីពាក់ព័ន្ធទទួលបន្ទុកក្រសួងសន្តិសុខសាធារណៈបានមានប្រសាសន៍ថា ស្របជាមួយនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនៃព័ត៌មានវិទ្យាជាសាកល បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត បានរំលេចចេញនូវលក្ខណៈពិសេសកាន់តែមានជំនាញ ឧស្សាហូបនីយកម្ម ការប្រព្រឹត្តបទល្មើសជាក្រុម និងលក្ខណៈអន្តរជាតិ គឺជាបញ្ហាប្រឈមដ៏ធំរបស់សមត្ថកិច្ចប៉ូលីស ក្នុងប្រទេសនានា តែក៏ជាបញ្ហាលំបាក សម្រាប់រដ្ឋាភិបាល នៃប្រទេសនីមួយៗក្នុងការបង្ក្រាប និងគ្រប់គ្រងផងដែរ។ កិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆបោកឆ្លងដែន តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ជាទំនួលខុសត្រូវរួមរបស់ប៉ូលីសនៃប្រទេសទាំងអស់ ហើយក៏ជាការព្រមព្រៀងរួមគ្នា របស់សហគមន៍អន្តរជាតិ ផងដែរ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃប្រទេសកម្ពុជា បានមានវាយតម្លៃយ៉ាងខ្ពស់ ចំពោះសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ នៅពេលជួបពិភាក្សាការងារ ជាមួយលោក វូ ជៀនមីន ប្រធានការិយាល័យ សម្របសម្រួល កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ក្នុងអំឡុងខែកក្កដា និងខែសីហា ឆ្នាំនេះ ហើយសង្ឃឹមថា បន្តពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងការផ្លាស់ប្តូរបទពិសោធន៍ ជាមួយប៉ូលីសចិន និងធ្វើការបង្រ្កាបបទល្មើសឆ្លងដែនផ្សេងៗ ឲ្យបានស៊ីជម្រៅបន្ថែមទៀត រួមទាំងបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ផងដែរ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ស្ថាប័នសន្តិសុខសាធារណៈរបស់ប្រទេសចិននឹងបន្តអនុវត្ត “ច្បាប់ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធទូរគមនាគមន៍” នាពេលអនាគត ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់អន្តរជាតិបន្ថែមទៀត និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ ឲ្យបានតឹងរឹង មិនបណ្តោយឲ្យបទល្មើសប្រភេទនេះ បន្តរីករាលដាល និងវិវឌ្ឍន៍ ហើយក៏មិនឲ្យជនល្មើសឆបោក រួចផុតពីសំណាញ់ច្បាប់ដែរ៕

ដោយ៖ លីវ ស៊ាវគ័ង

To Top