នយោបាយ

សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន រៀបចំបាឋកថា ឈ្វេងយល់ពី សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌វិចិត្រ សិល្បៈមានរៀបចំបាឋកថា ឈ្វេងយល់ពីទំនាក់ទំនងកម្ពុជានិងចិន និង ឈ្វេងយល់សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន។

បន្ថែមពីការ រំលេចនូវ សមិទ្ធផលមហាសាល ដែលបានកើតចេញ ពីទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ និងក្រោមកិច្ច សហប្រតិបត្តិការ ឈ្នះ-ឈ្នះ លើគ្រប់វិស័យ ក្នុងនាមជាមិត្តដែកថែប លោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានគូសបញ្ជាក់ជម្រាបដល់អង្គពិធីដែលជាមន្ត្រីរាជការអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ទីស្តីការគណៈរដ្ឋមន្រ្តី  អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហភាពសហព័ន្ធយុវជនកម្ពុជា និង និស្សិត ប្រមាណ៧៣នាក់ ក៏បានរំលេចបន្ថែមពីសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ។ ការតស៊ូរយៈពេលមួយសតវត្សរ៍ របស់បក្សកុម្មុយ និស្តចិន បានផ្លាស់ប្តូរជាមូលដ្ឋាន នូវអនាគតនិង ជោគវាសនា របស់ប្រជាជនចិន បានបើកមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវការស្តារឡើងវិញ ភាពអស្ចារ្យរបស់ប្រជាជាតិចិន និងបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ដំណើរវឌ្ឍនភាព នៃប្រវត្តិសាស្ត្រមនុស្សជាតិ ។

លោកបន្តថា ចក្ខុវិស័យយុទ្ធសាស្ត្រ និងសមិទ្ធផលរបស់បក្សកុម្មុយនិស្តចិន ក្នុងការស្វែងរកសុភមង្គលសម្រាប់ប្រជាជន និងការរីកចម្រើន សម្រាប់ពិភពលោក ត្រូវបានប្រជាជនពេញ មួយពិភពលោកទះដៃអបអរសាទរ និងកោតសរសើរ យ៉ាងក្រៃលែង ។ ដោយឡែកសមាជបក្សកម្មុយនិស្តចិន ដែលប្រារព្ធឡើងនៅរៀងរាល់ ៥ឆ្នាំម្តង ហើយឆ្នាំនេះ គឺជាមហាសន្និបាតលើកទី២០របស់បក្សកុម្មុយនិស្តចិន ដែលមានតំណាង អ្នកចូលរួមសរុបចំនួន២២៩៦នាក់ មកពី៣៨ នៃអង្គបោះឆ្នោតទូទាំងប្រទេសចិន ។

បើតាមប្រភពដដែល នាថ្ងៃបើកសមាជ ដែលគ្រោង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនិស្តចិន នឹងអាន របាយការណ៍នយោបាយ ពិនិត្យឡើងវិញ នូវសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយថែមទាំងផ្តល់នូវ ទិសដៅទូទៅសម្រាប់ការអភិវឌ្ឍ នាពេលអនាគតរបស់ប្រទេសចិន។ សមាជបក្សក៏រួមបញ្ចូលដំណើរ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលថែមទៀតផង។

លោកបណ្ឌិតបានបន្ថែមថា សមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន គឺជាសន្និសីទដ៏សំខាន់មួយ ដែលបានធ្វើឡើងនៅគ្រា ដែលបក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនចិន គ្រប់ក្រុមជនជាតិភាគ តិចទាំង៥៦ជនជាតិ បន្តដំណើរឈាន ចូលយុគសម័យថ្មី នៃការកសាងប្រទេសសង្គម និយមទំនើបក្នុងគ្រប់វិស័យ ។ ផ្លូវនិងការដើរឆ្ពោះទៅរកគោលដៅទី២ ប្រចាំសតវត្សរ៍ ដែលវានឹងមិនត្រឹម តែមានសារៈសំខាន់ យ៉ាងសំខាន់ចំពោះការអភិវឌ្ឍ នាពេលអនាគត របស់ប្រទេសចិនប៉ុណ្ណោះទេ ហើយវាក៏ថែមទាំង មានឥទ្ធិពលជាវិជ្ជមានយ៉ាងទូលំទូលាយ និងយ៉ាងជ្រាលជ្រៅដល់ការកសាងសហគមន៍ រួមវាសនាសម្រាប់មនុស្សជាតិផងដែរ ។

តំណាងសិក្ខាកាមដែលបាន ចូលរួមនៅក្នុងវគ្គសិក្សានេះ លោក តន់ សុវណ្ណឧត្តម នាយក សាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌បានបង្ហាញ នូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជាមួយ និងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ ហើយមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន នឹងបង្កើនល្បឿននៃការអភិវឌ្ឍសកល និងចូលរួមចំណែកថែរក្សា សុខសន្តិភាព ព្រមទាំងការកសាងបាន នូវសហគមន៍ជោគវាសនារួមមនុស្សជាតិ ក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងយន្តការពហុភាគីនិយម ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top