ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្ដស្វាយរៀង បង្ក្រាបករណី ពលរដ្ឋវៀតណាម ៧នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកនេសាទត្រី ក្នុងទឹកដីកម្ពុជា

ស្វាយរៀង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានទទួលព័ត៌មានពីប្រជាការពារ នៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថាមានប្រជាពលរដ្ឋវៀតណាមលួចឆ្លងដែនមកនេសាទត្រី(ដាក់មង)នៅក្នុងទឹកព្រែក ស្ថិតនៅភូមិពោធិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ  គិតពីព្រំដែនកម្ពុជា -វៀតណាម មកដល់ទីតាំងចំងាយប្រហែល ៨,០០០ម៉ែត្រ ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២២ កម្លាំងជំនាញស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ស្រែបារាំង និងកម្លាំងប្រជាការពារ បានចេញប្រតិបត្តិការបង្ក្រាបករណីប្រជាពលរដ្ឋវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកនេសាទ ក្នុងទឹកដីកម្ពុជា បាន ចំនួន ០៧នាក់ ស្រី ០៣នាក់ និង បានដកហូតវត្ថុតាងរួមមាន៖ ទូកម៉ាសុីនចំនួន ០៤ គ្រឿង ( ទូកជ័រចំនួន៣ គ្រឿង ទូកឈើចំនួន១ គ្រឿង ) និង ឧបករណ៍នេសាទ(មង) ចំនួន ៤២ដៃ ។

បច្ចុប្បន្ន វត្ថុតាងត្រូវបានដកហូតរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ រីឯជនល្មើសជនជាតិវៀតណាមទាំង ០៧នាក់ បានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនមន្ត្រីជលផលខេត្ត ធ្វើការផាកពិន័យតាមច្បាប់ ៕

To Top