ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្ដលើកលែង ការបង់ពន្ធប្រចាំខែ ចំពោះវិស័យទេសចរណ៍ ៣ខែបន្ថែមទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះវិស័យទេសចរណ៍ ដែលចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ រាជរដ្ឋាភិបាល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង វិធានការ នានា ដើម្បីគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូដ-១៩ ក៏ដូចជា សម្រាប់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ឱ្យស្របតាមនិន្នាការថ្មីៗ ជា ពិសេសបន្តជំរុញលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ, រាជរដ្ឋាភិបាល មានភាពចាំបាច់ នៅក្នុងការ ដាក់ចេញ នូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រង ផលប៉ះពាល់ និង គាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍ ក្នុងកាលៈទេសៈដ៏លំបាកនេះ ។

ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាង ទូលំទូលាយជាមួយវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការ បន្ថែមជូនវិស័យទេសចរណ៍ ដូចជា ៖

ផ្ទាំងពាណិជ្ជកម្ម

ទី១-បន្តលើកលែងការ បង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។

ទី២-លើកលែងពន្ធលើប្រាក់ ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ អាជីវកម្ម ទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២ យ៉ាង យឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។

និងទី៣-បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ ជំនាញជូនដល់បុគ្គលិករបស់ខ្លួន ដោយខ្លួនឯង និងមានលទ្ធភាព ស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់៕

To Top