ភ្នំពេញ ៖ អង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។ ការរអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រេះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥»។
សូមបញ្ជាក់ថា សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ មានគោលបំណង និងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ ដូចជា៖ ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុង យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
លើសពីនេះ វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលក្នុងនោះ «គម្រោងកំពុងដំណើរការ» គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ និង «គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ឬគម្រោងថ្មី» ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥៕