ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃ ការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នាថ្ងៃទី១០ វិច្ឆិកានេះ អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ ត្រូវបានដាក់ចេញ ដោយអនុលោមទៅតាម មូលបទរបស់រាជរដ្ឋាភិបាលគឺ « អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
អ្នកឧកញ៉ា បានគូសរំលេចថា «តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម ។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃ ការបើកឡើងវិញ នៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២»។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បន្ថែមថា ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយ បញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និងមិនប៉ះពាល់ដល់អាកាសធាតុ ៕