ព័ត៌មានជាតិ

កម្ពុជា-ថៃ បន្ដជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើន ទំហំពាណិជ្ជកម្មឱ្យបាន ១៥ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានបន្តជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យបានដល់ ១៥ពាន់លានដុល្លារ ។

ក្នុងជំនួបពិភាក្សារងាររវាង សម្ដេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ស្របតាមការវិវត្ត របស់សង្គម នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះថ្នាក់ដឹកនាំនៃទាំងពីរ ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេស២ គោលដៅទេសចរមួយ និងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម តាមរយៈការស្វែងរកសក្តានុពល លើការធ្វើពាណិជ្ជកម្ម លើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានដល់១៥ពាន់ លានដុល្លារសហរដ្ឋអាមេរិក ។

ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ក៏ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នៅតាមព្រំដែន ជាមួយនឹងការបន្តការជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលជាវិជ្ជមានលើគុណភាពកសិផល ហើយសំណល់ប្លាស្ទិច នៅក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពប្រជាជនផងដែរ ។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាព លើការពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការដោះមីនលើទីតាំង នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជម្លៀសគ្រោះថ្នាក់បង្កើតគ្រោះថ្នាក់ណាមួយ ចំពោះប្រជាជននៅតាមព្រំដែន៕

To Top