ព័ត៌មានជាតិ

អាជ្ញាធរនៅមូលដ្ឋាន ត្រូវពង្រឹងការអនុវត្ត តួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅ ជូនពលរដ្ឋ

ភ្នំពេញ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅ បណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅ បណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារ​ ចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ។

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ចេញផ្សាយនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា «ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ យកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធ នឹងការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមបែបបទនីតិវិធី ស្ដីពីការចុះបញ្ជីស្នាក់ នៅដែលបានកំណត់»។

លើសពីនេះ ត្រូវ​យកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅ បណ្តោះអាសន្ន (ក៨) ជូនប្រជាពលរដ្ឋដែលមកស្នើសុំស្នាក់នៅ បណ្ដោះអាសន្នក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវរួសរាន់ចេញលិខិតអនុញ្ញាត ស្នាក់នៅបណ្តោះអាសន្ន (ក៩) ជូនពួកគាត់ឱ្យ ស្របតាមបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងក្នុង ប្រកាសលេខ ១០២៤៥ និងប្រកាសលេខ ៤០៧៩ ដែលបានកំណត់។

ជាងនេះទៅទៀត ត្រូវរក្សា និងទុកដាក់បញ្ជីស្នាក់នៅគ្រប់ប្រភេទ និងឯកសារនានាដែលបម្រើឱ្យការចុះបញ្ជី ស្នាក់នៅទាំងអស់ ឱ្យបានល្អសម្រាប់ជាមូលដ្ឋានបម្រើដល់ការងារជំនាញ។ សហការជាមួយជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរឃុំ សង្កាត់ សម្របសម្រួល និងណែនាំ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ (ក១) ឬចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) គ្រប់ៗគ្នា ដើម្បីទទួលបានឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ «ក២» ឬលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន «ក៩») សម្រាប់យកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕

To Top