ព័ត៌មានជាតិ

២០២៣​ ត្រូវ​បាន​កំណត់​ជា «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រជាជនទាំងពីរ

ភ្នំពេញ៖ រាជរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនបានឯកភាព កំណត់យក ឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ហើយនឹងរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រជាជនទាំងពីរ។

យោងតាមសេចក្ដីប្រកាសរួម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផលចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអនុវត្ត «ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព ដូចខាងក្រោម៖
(ក) ពង្រឹងការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្រកម្រិតខ្ពស់។ ភាគីចិននឹងបន្តថ្វាយបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចពិនិត្យព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ នៅប្រទេសចិន។ ថ្នាក់ដឹកនាំចិនទន្ទឹងរង់ចាំការអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត នៅពេលវេលាសមស្របរបស់ភាគីទាំងពីរ។

(ខ) ប្រើប្រាស់ឱ្យបានពេញលេញ នូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការខាងលើ តាមពេលវេលាសមស្រប ដើម្បីបង្កើនតួនាទីនាំមុខ និងកិច្ចសម្របសម្រួលលើវិស័យផ្សេងៗជាច្រើន។ ស្ថាប័នដឹកនាំរបស់ភាគីទាំងពីរមានភារកិច្ចដាក់ចេញជាផែនទី និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ស្របពេលដែលក្រសួងការបរទេសទាំងពីរទទួលខុសត្រូវចំពោះការអនុវត្តពេញលេញ នៃ «កិច្ចព្រមព្រៀង ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី»។

(គ) ប្រើប្រាស់ឱ្យអស់សក្ដានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទំាងពីរ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហ្វាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើការបង្រ្កាបការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងឧក្រិដ្ឋកម្មនានា តាមរយៈការសម្របសម្រួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។ កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែមទៅលើការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមការងាររួមគ្នាកម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុខខ្សែក្រវាត់ និងផ្លូវ។

(ឃ) លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លំាងក្លាលើយុទ្ធសាស្រ្តអភិវឌ្ឍន៍។ ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រទេសទំាងពីរនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលបំណងជួយកម្ពុជាពន្លឿនការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះ និងធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។ គម្រោងសំខាន់ៗ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក នឹងត្រូវបានពន្លឿន។ ភាគីទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ចបៃតង ការសន្សំសំចៃ និងស័ក្ដិសិទ្ធិភាពនៃថាមពល ព្រមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅកម្ពុជា។

ប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ពង្រីកការនាំចេញផលិតផលកម្ពុជាដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។ ផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់ផ្នែក ភាគីចិនបានបញ្ជាក់សាជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹង ហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។កសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការឱសថបុរាណចិន កម្ពុជា-ចិន ដើម្បីគាំទ្រសេវាសុខាភិបាលសាធារណៈនៅកម្ពុជា។ ផ្គត់ផ្គង់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របតាមតម្រូវការរបស់កម្ពុជា។ ភាគីចិននឹងបន្តគាំទ្រការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី ៣ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី ៣ គម្រោងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀតដូចជា ផ្លូវជនបទ ការរក្សាទឹក អប់រំ សុខាភិបាល និងគម្រោងបោសសម្អាតមីន។

(ង) ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។ ចិននឹងបន្តគាំទ្រការអប់រំភាសាចិន និងប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា និងរៀបចំការធ្វើដំណើរឡើងវិញជាបន្តបន្ទាប់ តាមជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីសម្រួលដល់ការវិលត្រលប់របស់និស្សិតកម្ពុជាទៅប្រទេសចិន។ ភាគីកម្ពុជានឹងបន្តគាំទ្រដំណើរការរបស់មជ្ឈមណ្ឌលវប្បធម៌ចិន វិទ្យាសា្ថនខុងជឺ និងសហការជាមួយភាគីចិន ដើម្បីរក្សាការផ្លាស់ប្តូរជាទៀងទាត់រវាងអង្គការ និងស្ថាប័នយុវជន ផ្តល់តួនាទីសំខាន់ដល់សមាគមមិត្តភាព ស្ថាប័ន ក្រុមស្រាវជ្រាវវិភាគ ឃោសនាការ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ភាគីទំាងពីរនឹងបន្តតាមដានកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អរូបិយ ការចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ទេសចរណ៍ ដែលរៀបចំឡើងដោយភាគីម្ខាងទៀត ការចាត់វិធានការរួមគ្នាដើម្បីការពារបេតិកភណ្ឌវប្បធម៌អាស៊ី ការគាំទ្រការអភិរក្ស និងការជួសជុលបេតិកភណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងទីតំាងបេតិកភណ្ឌនានាផ្សេងទៀតនៅកម្ពុជា ក៏ដូចជាការសហការរួមគ្នាទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងការរៀបចំកិច្ចសន្ទនាយុវជន ស្តីពីបេតិកភណ្ឌវប្បធម៌។

(ច) កម្ពុជាគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ស្របជាមួយនឹងការបេ្តជ្ញាចិត្តលើការអនុវត្តរបៀបវារៈ ស្តីពី «ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០» របស់អង្គការសហប្រជាជាតិ។ កម្ពុជាគាំទ្រការស្នើដោយភាគីចិននូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងត្រៀមខ្លួនសហការជាមួយប្រទេសចិន លើអភិបាលកិច្ចសន្តិសុខសកល ដើម្បីសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាព។ ភាគីទំាំងពីរនឹងរួមគ្នាជំរុញគុណតម្លៃរួមរបស់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ មិនលម្អៀង យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ដោយការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ដើម្បីលើកកម្ពស់បុព្វហេតុសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិ៕

To Top