ព័ត៌មានជាតិ

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា រយៈពេល៣ថ្ងៃ បានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល

ភ្នំពេញ៖ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បានសហការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជាជាលទ្ធផល “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” នេះ បានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។

វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងស្ថាប័នពាក់ព័ន្ធដទៃក្នុងវិស័យឯកជន សរុបប្រមាណ ៣៩០ រូប។

វេទិកានេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា ស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈម នានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្រប និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណងសំខាន់មួយទៀតរបស់វេទិកានេះគឺ ការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុងដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួចនិងងាយបត់បែន។

វេទិកានេះចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍ របស់ថ្នាក់ដឹកនាំកិត្តិយសមួយចំនួនរួមមាន លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និង លោក អ៊ូ ចាន់តារា ឧបការីទេសាភិបាលនិងជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។

វេទិកានេះទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសបើកដំណើរការ ជាផ្លូវការដោយ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

លោក បានថ្លែងពីទិដ្ឋភាពសំខាន់ៗ ដែលបញ្ជាក់កាន់តែច្បាស់ពីសក្ដានុពលដ៏ខ្ពស់ របស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការជំរុញសេដ្ឋកិច្ចជាតិ តំបន់ និងសកល ស្របពេលដែលសម្ទុះឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ទាំងវិស័យធនាគារ និងមិនមែនធនាគារ សម្រេចបានកំណើនខ្លាំងក្លា ជាមួយនឹងការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Blockchain ឬ Distributed Ledger ជាដើម។

លោក បានបន្តដែរថា “ស្ថាប័នហិរញ្ញវត្ថុណាដែលចាប់យក និងប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុបានលឿន និងមុនគេ ពិតជាអាចប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មីក្នុងការពង្រឹង និងពង្រីកសេវារបស់ខ្លួនកាន់តែខ្លាំង និងមានភាពធន់ខ្ពស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ”។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការចូលរួមយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក្នុងការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ក្នុងរយៈពេលបីថ្ងៃនៃវេទិកានេះ មានបទបង្ហាញចំនួន ១២ ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានិងអាស៊ាន, សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, ឌីជី-ថលូបនីយកម្មនៃសេវាធនាគារ, ខេ អេច ឃ្យូ អរ (KHQR) និងបាគង (Bakong), Open Banking, បច្ចេកវិទ្យាធានារ៉ាប់រង, សន្តិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការដាក់ដំណើរការថ្នាល Cambodia Distributed Ledger (CamDL), និងការយល់ដឹងពី Web 3.0។ ក្រៅពីនេះ វេទិកាក៏មានកិច្ចពិភាក្សាចំនួន ៥ ដែលជជែកលើចលនាបច្ចេក-វិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន, ឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនិងធនធានមនុស្ស, សក្ដានុពលនៃបច្ចេកវិទ្យាធានារ៉ាប់រង, ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ, និងការកសាងសេវាហិរញ្ញវត្ថុថ្មីតាមរយៈ Web 3.0។

ជាកិច្ចបញ្ចប់នៃវេទិកានេះ បន្ទាប់ពី លោកស្រី ឃួន ហ្វ្រង់ដារា ហិរញ្ញិកក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានថ្លែងសុន្ទរកថា ពីការអង្កេតជារួមលើវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុទាំងបីថ្ងៃរួច, លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានថ្លែងសុន្ទរកថាបិទដែលក្នុងនោះ លោកបណ្ឌិត បានគូសរំលេចបន្ថែមលើចំណុចមួយចំនួន ដែលរួមបញ្ចូលទាំង បរិការណ៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងកម្ពុជានិងតំបន់អាស៊ាន វិស័យធនាគារនិងធានារ៉ាប់រងនៅកម្ពុជា និងការរៀបចំដាក់ដំណើរការនូវថ្នាលឌីជីថលគន្លឹះ Cambodian Distributed Ledger (CamDL) ជាដើម។

មិនតែប៉ុណ្ណោះ លោកបណ្ឌិត បានផ្ដល់នូវការគិតគូរពិចារណាជាសកម្មភាពដល់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ “ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងសមាគមនានា សូមគិតគូរពិចារណាលើចំណុចពាក់ព័ន្ធសំខាន់ៗចំនួន ៣ គឺ (១) កសាងចលនាឧស្សាហកម្មហិរញ្ញវត្ថុជុំវិញបច្ចេកវិទ្យាដែលនាំទៅការផ្លាស់ប្ដូរអតិបរមា, (២) ជំរុញនវានុវត្តន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុ តាមរយៈការកសាងទីផ្សារមួយដែលសក្ដិសមនឹងនវានុវត្តន៍ទាំងនោះ, ព្រមទាំង (៣) កសាងគោលការណ៍ សមភាពរវាងក្រុមហ៊ុនធំ និងធុរកិច្ចថ្មី ឬអាជីវកម្មធុនតូច។” នេះបើតាមប្រសាសន៍របស់ លោកបណ្ឌិត គង់ ម៉ារី។

ជាលទ្ធផល វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុបានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក៏ប្រមូលធាតុចូលល្អៗបន្ថែម ដែលអាចបន្តជាមូលដ្ឋានដល់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែ គ្រប់ជ្រុងជ្រោយស្របតាមបរិបទក្នុងប្រទេស៕

To Top