ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អន្ដរសភាអាស៊ាន ចាប់ពីថ្ងៃទី២០-២៥ វិច្ឆិកា

ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាត អន្ដរសភាអាស៊ាន លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១៤ វិច្ឆិកា បានឱ្យដឹងថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ ។ ថ្នាក់ដឹកនាំស្ថានប័នកំពូលៗ នៃកម្ពុជា រួមមាន ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ។

ជាងនេះទៅទៀត ក្នុងពិធីបើកមហាសន្និបាតនេះផងដែរ ក៏មានការអញ្ជើញចូលពីបណ្ដា ឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ ប្រទេសសមាជិកអាយប៉ា ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូ ជាច្រើនទៀត។

កំឡុងពេលមហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ា ដូចជា ៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្ត្រី កិច្ចប្រជុំសមាជិក សភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការ នយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម ។

សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) ជាសភា នៃបណ្តាប្រទេសជាសមាជិក អាស៊ានទាំង១០ រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។ អន្ដរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញ ឲ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយ របស់សហគមន៍អាស៊ាន៕

To Top