ព័ត៌មានជាតិ

សមាគមមិត្តភាព កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសមាគមប្រជាជនខេត្តស៊ីឈាន់ ដើម្បីមិត្តភាពជាមួយបរទេស

ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានបើកកិច្ចប្រជុំដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ក្រោមក្របខណ្ឌសង្គមស៊ីវិល ក្នុងគោលដៅ បំពេញការងារជាក់ស្តែង ឆ្លើយតបទៅនឹងការចូលរួមបំពេញ បាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅមូលដ្ឋាន។

លោកម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានជម្រាបជូនសមភាគី ឯកឧត្តម ហុង លីវ ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេស ថា កម្ពុជានិងចិនតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ លោកបានសាទរនឹងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម លី ឃឺឈែង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។

លោកក៏បានរំលេចពីតួនាទីដ៏សំខាន់របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្រោមការដឹកនាំរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រៀបដូចជាដែកឆក់ដ៏មានសក្តានុពល និងជាដៃគូសហការដ៏ជិតស្និទ្ធរបស់បណ្តាសង្គមស៊ីវិលនានាទាំងក្នុងប្រទេសកម្ពុជា ទាំងក្នុងប្រទេសចិន ដើម្បីបង្កើនកាលានុវត្តភាពដល់យុវជនកម្ពុជានិងយុវជនចិននៅខេត្តស៊ីឈាន់ក្នុងការផ្លាស់ប្តូរពុទ្ធិនិងបទពិសោធន៍ក្នុងបរិបទបដិវត្តន៍៤.0 ព្រមទាំងពង្រីកទាំងគុណភាពនិងទាំងបរិមាណកាន់តែច្រើននៃអ្នកចូលរួមសង់ស្ពានមេត្រីភាពរវាងប្រជាជាតិយើងទាំងពីរ។

លោក Hong Liu ប្រធានសមាគមប្រជាជនខេត្តស៊ីឈាន់ដើម្បីមិត្តភាពជាមួយបរទេសបានគូសបញ្ជាក់ថា បច្ចុប្បន្ន អ័ព្ទនៃជំងឺCovid-19 ជម្លោះប្រដាប់អាវុធ វិបត្តិស្បៀងអាហារ វិបត្តិជនភៀសសឹក សុទ្ធសឹងជាកង្វល់ដ៏ធំរបស់មនុស្សជាតិ ហើយដែលមិត្តចិនតែងបានចូលរួមដល់ការចូលរួមក្នុងដំណោះស្រាយរបស់ពិភពលោក។ វត្តមានរបស់លោក Xi Jinping ក្នុងវេទិកាG20 និង APEC ពិតជាកត្តាលីករដ៏សំខាន់នៅក្នុងការបង្កើនល្បឿនកិច្ចសហប្រតិបត្តិការដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិពីមួយជំនាន់ទៅមួយជំនាន់។

មុនបិទបញ្ចប់ជំនួបពិភាក្សានេះ សង្គមស៊ីវិលកម្ពុជានិងចិនបានឯកភាពគ្នាក្នុងការបង្ហាញឆន្ទៈត្រៀមខ្លួនរួចជាស្រេចជាមួយបណ្តាប្រទេសទាំងអស់ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យដើម្បីបង្កើនតួនាទីកាន់តែសំខាន់និងសកម្មរបស់សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរចូលរួមក្នុងការរឹតចំណងមេត្រីភាពនៃការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជនឱ្យកាន់តែល្អប្រសើរក្រោមម្លប់មិត្តភាពដែកថែបរវាងកម្ពុជានិងចិនដោយផ្តោតលេីផែនការសកម្មភាពសម្រាប់ខួប៦៥ឆ្នាំ ទំនាក់ ទំនង ការទូតរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២៣ ស្របនឹងទស្សនៈជនជាតិចិនដែលធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហនិងការរួមបញ្ចូលគ្នា បានធ្វើឲ្យមិត្តភាពរវាងប្រជាជាតិយើងទាំងពីរនិយាយរួម រវាងសមាគមយើងទាំងពីរនិយាយដោយឡែកបានបង្កើនឫទ្ធានុភាពក្នុងការចែករំលែកផ្លែផ្កានៃការអភិវឌ្ឍទៅវិញទៅមក៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top