ព័ត៌មានជាតិ

តុលាការកំពូល ជម្រះបណ្តឹងសារទុក្ខ បុរសជនជាតិ អ៊ូហ្គង់ដាម្នាក ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឆ្លងដែន ជិត២ គីឡូក្រាម

ភ្នំពេញ: ពិរុទ្ធជនគ្រឿងញៀន ជនជាតិអ៊ូហ្គង់ដាម្នាក់ កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូល ធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន ជិត ២ គីឡូក្រាម ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ ។

លោក គង់ ស្រ៉ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មានឈ្មោះ MUGERWAA JOEL អាយុ ៤៣ ឆ្នាំ ជនជាតិអ៊ូហ្គង់ដា ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ MUGERWAA JOEL ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់គុក កំណត់ ៣០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៨០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: «រក្សាទុក និង ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលថ្ងៃ ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀន ចំនួន ២ កព្ចាប់ធំ ទម្ងន់ ១៩២២,៩២ ក្រាម ប្រភេទកូកាអ៊ីន (ជិត២គីឡូក្រាម) ពីញគាត់។

នាពេលសវនាការ ជនជាប់ចោទ បានសំណូមពរ ដល់ចៅក្រមប្រឹក្សាជំនុំជម្រះតុលាការកំពូល ជួយបន្ធូរបន្ថយ ទោស ដល់គាត់ផង។

តុលាការកំពូលនឹងប្រកាសដីកា សាលដីកាលើ សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ៕

ដោយ: លីហ្សា

To Top