ព័ត៌មានជាតិ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូនអ្នកស្រុកកោះញែក

ភ្នំពេញ៖ បន្ទាប់ពីខកខានដោយសារ បញ្ហាការរីករាលដាលនៃកូវីដ-១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញ ប្រគល់អណ្ដូងទឹកស្អាតចំនួន១០អណ្តូង ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំចំនួនបីរួមមាន៖ ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋអាស្រ័យផល នៃអណ្តូងទឹកទាំងអស់ លោកស្រីប្រធានមូលនីធិ បានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន៣ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៧អណ្តូង ដែលផ្ដល់ជូន លោកយាយ លោកតា ក្នុងស្រុកកោះញែកនេះ បានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែររដូវប្រាំងរាំងស្ងួត ក៏ខិតជិតចូលមកដល់ផងដែរ ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹក នីមួយៗលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំងទ្វេរលោកតែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅ នៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។

លោកស្រីប្រធានមូលនីធិ បានអោយដឹងទៀតថា ដើម្បីអោយការប្រើប្រាស់នៃអណ្តូងទឹក ទាំងនេះបានយូអង្វេង សូមលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។ ខណៈនោះដែរបន្ទាប់ពីមានការ ស្នើរសុំបន្ថែមពីប្រជាពលរដ្ឋ នៅក្នុងឃុំស្រែសង្គមលោកជំទាវប្រធាន កបានថែមជួនចំនួន3បន្ថែមទៀត និងក្នុងឃុំសុខសាន្តចំនួន10អណ្តូង។ លោកជំទាវបញ្ជាក់ថាយើងមាន ឱកាសបានកសាងនូវសមិទ្ឋផលទាំងនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍ ដូច្នេះសូមលោកយាយ លោកតា ពលរដ្ឋទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាព អោយបានគង់ទៅមុខទៀត។

ប្រជាពលរដ្ឋដែលទទួលផល ពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេច តេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាព ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនីធិ ក៏បានចែកជូននូវអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរ នៅក្នុងពិធីប្រគល់អណ្ដូងទឹក គ្រប់ទីតាំងទាំង១០នេះផងដែរ។

លើសពីនោះទៀតលោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដោយផ្ទាល់ ជូនប្រជាពលរដ្ឋឥតគិតថ្លៃផងដែរ ប្រសិនបើមានប្រជាពលរដ្ឋណា មានបញ្ហាសុខភាព ៕

To Top