ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា កម្ពុជាខិតខំសម្រេចបានលទ្ធផលមួយចំនួនធំ ពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដោយមានយន្តការអនុវត្តជាក់លាក់ផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជីន ថូត (Jean Todt) ប្រេសិតពិសេសរបស់អគ្គលេខាធិការ UN ទទួលបន្ទុកសុវត្ថិភាពផ្លូវថ្នល់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្រេចបានលទ្ធផលមួយចំនួនធំ ពាក់ព័ន្ធទៅនឹងការងារសុវត្ថិភាពចរាចរណ៍ ដោយមានយន្តការការងារអនុវត្តជាក់លាក់ និងមានតួអង្គពីរសំខាន់សំខាន់គឺក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការរួមគ្នាទៅលើកិច្ចការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានយន្តការចាប់ពីថ្នាក់ក្រសួងដល់ថ្នាក់ខេត្ត»។
សម្តេច បានបញ្ជាក់ថា កម្ពុជា ក៏ខិតខំកាត់បន្ថយអត្រាមរណៈភាព និងអត្រារបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែទោះបីយ៉ាងណា ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវតែបន្តខិតខំដោះស្រាយ ក្នុងនោះ ក៏មានកិច្ចការមួយចំនួនទៀតផងដែរ ពាក់ព័ន្ធទៅនឹងការបន្តអភិវឌ្ឍនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដូចជា ការផ្តល់ និងបំពាក់នូវសម្ភារៈបច្ចេកទេសបម្រើដល់ការងារត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងការងារកែលម្អធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណារួមចំណែក ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដល់ការងារគ្រប់គ្រងត្រួតពិនិត្យលើសុវត្ថិភាពចរាចរណ៍។
លើសពីនេះ សម្ដេច ស ខេង បន្ដថា ភាគច្រើននៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺបង្កឡើងដោយកត្តាធំ២ ក្នុងនោះ ទី១-គឺកត្តាមនុស្ស និងទី-គឺកត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ សម្ដេច បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បន្តខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីកាត់បន្ថយងបត្រាគ្រោះថ្នាក់ចរាចរណ៍។
ជាការឆ្លើយតបលោក ជីន ថូត បានគាំទ្រចំពោះការលើកឡើងរបស់ សម្ដេច ស ខេង ថា ការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ជាការពិត ទាមទារនូវការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការអប់រំផ្សព្វផ្សាយឱ្យយល់ដឹង និងការពង្រឹងការអនុវត្តច្បាប់។ លោក ក៏បានអះអាងពីការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នេះជាបន្តទៀត ផងដែរ៕