ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកកីឡាករថាឈ្នះ-ចាញ់ ពីការប្រកួតកីឡា គឺជាបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកដល់កីឡាករ-កីឡាការិនីថា ការឈ្នះ-ចាញ់ ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។

ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត»។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចតេជោ មានសុទិដ្ឋិនិយម និងអបអរសាទរចំពោះក្រុមកីឡាករ-កីឡាការិនីក្រសួងស្ថាប័ន និងរាជធានី-ខេត្ត ដែលបាន ទទួលចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ។ សម្ដេច ក៏បានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡា និង បំផុសចលនាកីឡាក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត។ ចំពោះក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលទទួលបានលទ្ធផលមិនល្អ សូមបន្តយកចិត្តទុកដាក់កែលម្អ និងខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅឆ្នាំ២០២៤ខាងមុខ។

សម្តេចតេជោ បានលើកឡើងជាញឹកញាប់នៅក្នុងព្រិត្តិការណ៍កីឡាវិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់មូលធនសង្គមដែលទាំងនេះ គឺជាកត្តាកំណត់ដ៏សំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់។ ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡាបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកីឡាករ-កីឡាការិនី ក៏ដូចជាក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានចូលរួមក្នុងការប្រកួតទាំងអស់៕

To Top